លោក Putin ស្តាប់តាមលោក Trump ផ្អាកទម្លាក់គ្រាប់លើ អ៊ុយក្រែន មួយសប្តាហ៍

មូស្គូ ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump អះអាងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានយល់ព្រមផ្អាកទម្លាក់គ្រាប់បែកទៅលើប្រទេសអ៊ុយក្រែន រយៈពេល ១ សប្តាហ៍ តាមការស្នើសុំរបស់លោក ។

ថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍, លោក Trump និយាយថា លោក ពូទីន បានយល់ព្រមធ្វើដូច្នេះ និងថែមទាំងអះអាងទៀតថា រុស្ស៊ីរីករាយជាខ្លាំង ជាមួយនឹងការសម្រេចចិត្ត ផ្អាកការវាយប្រហារបែបនេះ ។

លោក Trump បញ្ជាក់ថា រុស្ស៊ីនឹងមិនវាយប្រហារលើគោលដៅក្នុងទីក្រុងកៀវ និង ទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែនរយៈពេល ១ សប្ដាហ៍ ដោយសារតែអាកាសធាតុចុះត្រជាក់ខ្លាំង ។

បើតាម RT, សីតុណ្ហភាពនៅក្នុងទីក្រុងគៀវត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះដល់ ដក ១៣ អង្សាសេ នៅចុងសប្តាហ៍នេះ ។

ដំណឹង នៃការព្រមព្រៀងគ្នា រវាងមេដឹកនាំទាំងពីរ បានកើតមានឡើង ចំពេលដែល មេដឹកនាំអ៊ុយក្រែន លោក Zelensky បានអំពាវនាវ ម្តងហើយម្តងទៀត ឱ្យមានបទឈប់បាញ់ លើរោងចក្រថាមពល បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីទៅលើទីតាំងទាំងនោះម្តងហើយម្តងទៀត ។

លោក Denis Shmigal រដ្ឋមន្ត្រីថាមពល អ៊ុយក្រែននិយាយថា ការវាយប្រហារទាំងនោះធ្វើឲ្យប្រជាជននៅក្នុងទីក្រុងគៀវ ជិត ១ លានគ្រួសារ ពុំមានអគ្គិសនីដើម្បីប្រើប្រាស់កម្ដៅខ្លួននោះឡើយ ។

យ៉ាងណា រុស្ស៊ីបានអះអាងថា ខ្លួនផ្តោតគោលដៅ តែលើគ្រឿងបរិក្ខារ ដែលប្រើប្រាស់ដោយឧស្សាហកម្មយោធាអ៊ុយក្រែន ប៉ុណ្ណោះ ហើយបញ្ជាក់ថា ការវាយប្រហាររបស់ខ្លួន គឺជាការឆ្លើយតបដោយផ្ទាល់ ចំពោះការវាយប្រហារយ៉ាងស៊ីជម្រៅ របស់ទីក្រុងគៀវ ទៅលើជនស៊ីវិល និង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់រុស្ស៊ី។

បើតាមសារព័ត៌មាន RT, រុស្ស៊ីធ្លាប់បានយល់ព្រមលើបទឈប់បាញ់ លើទីតាំងថាមពល កាលពីខែមីនា ឆ្នាំមុន បន្ទាប់ពីកិច្ចពិភាក្សាជាមួយ រដ្ឋបាលរបស់លោក Trump។ តែ សម្រាប់លើនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបដិសេធ មិនធ្វើអត្ថាធិប្បាយ លើពាក្យចចាមអារ៉ាម ដែលថា ទីក្រុងមូស្គូ និង គៀវ បានឈានដល់ «បទឈប់បាញ់ លើរោងចក្រថាមពល» រួមគ្នានោះឡើយ ៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner