អាមេរិក គ្រោងបង្កើនការផលិតប្រព័ន្ធប្រឆាំងមីស៊ីលដល់ទៅ ៤០០ គ្រឿងក្នុងមួយឆ្នាំ
វ៉ាស៊ីនតោន ៖ ក្រសួងសង្គ្រាមអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Lockheed Martin ក្នុងគោលបំណងបង្កើនការផលិតប្រព័ន្ធខែលប្រឆាំងមីស៊ីល THAAD រហូតដល់ ៤ដង ពោលគឺចន្លោះពី ៩៦ ដល់ ៤០០គ្រឿងក្នុងមួយឆ្នាំ ។
បើតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយថ្ងៃទី២៩ ខែមករា, កិច្ចព្រមព្រៀងនេះ ធ្វើឡើងចំពេលដែលសហរដ្ឋអាមេរិកបានបញ្ជូនកងកម្លាំងយោធាយ៉ាងច្រើនទៅកាន់តំបន់មជ្ឈិមបូព៌ា សម្រាប់សង្គ្រាមដែលអាចកើតមានជាមួយអ៊ីរ៉ង់ ។
ប្រព័ន្ធខែលប្រឆាំងមីស៊ីលរបស់ក្រុមហ៊ុន Lockheed Martin គឺជាផ្នែកមួយនៃការពារដែនអាកាសពហុស្រទាប់របស់សហរដ្ឋអាមេរិក គាំទ្របន្ថែមពីលើប្រព័ន្ធការពារមីស៊ីល Patriot និង Aegis ។
ការបង្កើនការផលិតប្រព័ន្ធ THAAD នេះទៀតសោត កើតឡើងចំពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអ៊ីស្រាអែលរបស់ខ្លួន បានប្រើប្រាស់ប្រព័ន្ធស្ទាក់ចាប់មីស៊ីលទាំងនោះអស់ជាច្រើន ក្នុងអំឡុងជម្លោះជាមួយអ៊ីរ៉ង់នៅឆ្នាំ ២០២៤ និង២០២៥ ។
គួរបញ្ជាក់ថា THAAD គឺជាប្រព័ន្ធខែលប្រឆាំងមីស៊ីលមួយ ក្នុងចំណោមប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ វាមានសមត្ថភាពបាញ់ស្ទាក់កម្ទេចមីស៊ីលបាលិស្ទីគនៅរយៈចម្ងាយពី ១៥០ដល់២០០គីឡូម៉ែត្រ ហើយមានអត្រាជោគជ័យស្ទើរតែល្អឥតខ្ចោះនៅក្នុងការធ្វើតេស្ដ ៕
ប្រភព ៖ The Jerusalem Post ប្រែសម្រួល ៖ ឈឹម ទីណា