លោក ហ្សេលេនស្គី អញ្ជើញលោក ពូទីន មកចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនវិញ

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសអញ្ជើញមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មកកាន់រដ្ឋធានីកៀវ វិញ និងថា បើសិនលោក ពូទីន ហ៊ាន នោះអាមេរិកនឹងដើរតួសម្របសម្រួលជំរុញឱ្យភាគីទាំងពីរចរចាបញ្ចប់សង្គ្រាមតែម្តង ។

លោកប្រធានាធិបតី ហ្សេលេនស្គី បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៣០ ខែមករាថា រូបលោកត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចូលរួមកិច្ចប្រជុំគ្រប់ទម្រង់ទាំងអស់ លើកលែងតែទៅប្រជុំនៅទីក្រុងមូស្គូ ឬក៏នៅក្នុងទឹកដីប្រទេសបេឡារុស តបតាមការអញ្ជើញរបស់វិមានក្រឹមឡាំង ។

បើតាមសារព័ត៌មាន Aljazeera, មេដឹកនាំអ៊ុយក្រែនមានវ័យ៤៨ឆ្នាំរូបនេះ បានប្រាប់មូលហេតុបដិសេធការអញ្ជើញរបស់វិមានក្រឹមឡាំងថា រុស្ស៊ី គឺជាប្រទេសឈ្លានពានដែលកំពុងធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ហើយបេឡារុស ក៏ជាដៃគូក្នុងសកម្មភាពទាំងនេះដែរ ។

លោកថា វាមិនអាចទៅរួចឡើយសម្រាប់រូបលោក ដែលត្រូវហោះទៅជួបតទល់ជាមួយលោក ពូទីន នៅទីក្រុងមូស្គូនោះ ។ ផ្ទុយទៅវិញ បើសិនលោក ពូទីន ហ៊ាន នោះលោកនឹងជួបគាត់នៅទីក្រុងកៀវជំនួសវិញ ហើយលោកក៏នឹងអញ្ជើញមេដឹកនាំរុស្ស៊ីរូបនេះជាសាធារណៈផងដែរ ។

គួរបញ្ជាក់ថា សង្គ្រាមនៅអ៊ុយក្រែនបានចាប់ផ្ទុះឡើង បន្ទាប់ពីរុស្ស៊ីបានលើកទ័ពចូលវាយលុយទីក្រុងកៀវកាលពីខែកុម្ភៈ ឆ្នាំ២០២២ ដោយសារតែមហិច្ឆតារបស់លោកប្រធានាធិបតី ហ្សេលេនស្គី ចង់ចូលអង្គការណាតូ ។

សង្រ្គាមជិត៤ឆ្នាំមកនេះ កងកម្លាំងរុស្ស៊ីបានកាន់កាប់ទឹកដីអ៊ុយក្រែនប្រហែល ២០ភាគរយរួចហើយ ហើយកំពុងរុលទៅមុខសន្សឹមៗ ឆ្លងកាត់ភាគខាងកើតអ៊ុយក្រែន ដោយរុស្ស៊ីបានប្រកាសពីការដណ្តើមបានភូមិថ្មីៗជាច្រើនកន្លែងក្នុងមួយសប្តាហ៍ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner