លោក ត្រាំ សង្ឃឹមថា មានកិច្ចព្រមព្រៀង បន្ទាប់ពី អ៊ីរីង់ ព្រមានផ្ទុះសង្គ្រាមក្នុងតំបន់
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានបង្ហាញពីក្តីសង្ឃឹមថា អ៊ីរ៉ង់នឹងព្រមព្រៀង បន្ទាប់ពីទីក្រុង Tehran បានព្រមានពីការផ្ទុះសង្គ្រាម នៅក្នុងតំបន់ មជ្ឈិមបូព៌ា ទាំងមូល។
មេដឹកនាំកំពូល របស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានប្រដូចការតវ៉ាបាតុកម្ម ក្នុងប្រទេស នាពេលថ្មីៗនេះ ទៅនឹង រដ្ឋប្រហារ ដោយព្រមានថា ការវាយប្រហារ របស់សហរដ្ឋអាមេរិក នឹងបង្កឱ្យមានជម្លោះ យ៉ាងទូលំទូលាយ។ លោកបាននិយាយ កាលពីថ្ងៃទី១ ខែកុម្ភៈ ថា «ជនជាតិអាមេរិក គួរតែដឹងថា ប្រសិនបើពួកគេ ចាប់ផ្តើមសង្រ្គាម លើកនេះ វានឹងក្លាយជាសង្រ្គាម ក្នុងតំបន់» ដោយលោកប្រាប់ប្រជាជនអ៊ីរ៉ង់ ថា «ពួកគេ មិនគួរភ័យខ្លាច ចំពោះវោហាសាស្ត្រ របស់លោក Trump»។
នៅពេលសួរអំពីការព្រមាន របស់មេដឹកនាំអ៊ីរ៉ង់ បែបនេះ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា «ពិតណាស់ គាត់ពិតជានិយាយបែបនេះមែន»។ លោកបន្តថា «សង្ឃឹមថា យើងនឹងធ្វើកិច្ចព្រមព្រៀងមួយ… ប្រសិនបើយើងមិនធ្វើកិច្ចព្រមព្រៀងទេ នោះយើងនឹងស្វែងយល់ ថា គាត់នឹងត្រូវធ្វើ ឬ យ៉ាងណា»។
គួរបញ្ជាក់ថា បន្ទាប់ពីការឆ្លើយតបដ៏សាហាវ របស់អាជ្ញាធរអ៊ីរ៉ង់ ចំពោះការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលបានឈានដល់កម្រិតកំពូល កាលពីខែមុន, លោក Trump បានគំរាមកំហែងដល់សកម្មភាពយោធា និង បានបញ្ជាឱ្យបញ្ជូនក្រុមនាវាផ្ទុកយន្តហោះ ទៅកាន់តំបន់មជ្ឈិមបូព៌ា៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត