គណបក្សរបស់នាយករដ្ឋមន្ត្រីជប៉ុន រំពឹងឈ្នះឆ្នោតភ្លូកទឹកភ្លូកដី
តូក្យូ ៖ គណបក្សរបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi ត្រូវបានគេរំពឹងថា នឹងទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសភាជាន់ទាប នៅសប្តាហ៍ក្រោយ នេះបើយោងតាមការស្ទង់មតិរបស់កាសែត Asahi ។
បើតាមសារព័ត៌មាន The Straits Times ចេញផ្សាយថ្ងៃទី២ ខែកុម្ភៈ, ការស្ទង់មតិនេះបានឲ្យដឹងថា គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកស្រីនាយករដ្ឋមន្រ្តី Takaichi អាចនឹងទទួលបានអាសនៈភាគច្រើនលើសពី ២៣៣អាសនៈ ក្នុងចំណោម ៤៦៥អាសនៈ ដែលគណបក្សនីមួយៗត្រូវការនៅក្នុងសភាជាន់ទាប ។
យោងតាមការស្ទង់មតិដដែល បើសិនរួមគ្នាជាមួយដៃគូក្រុមចម្រុះរបស់គណបក្ស LDP គឺគណបក្សនវានុវត្តន៍ជប៉ុន ឬ Ishin នោះសម្ព័ន្ធភាពដែលកំពុងកាន់អំណាច ទំនងជានឹងឈានដល់ ៣០០អាសនៈ ។
សូមរម្លឹកថា លោកស្រីនាយករដ្ឋមន្ត្រី Takaichi បានសម្រេចរំលាយសភាកាលពីខែមករាឆ្នាំនេះ ហើយបានអំពាវនាវឲ្យមានការបោះឆ្នោតមុនកំណត់ នៅថ្ងៃទី៨ ខែកុម្ភៈខាងមុខ ដើម្បីស្វែងរកអាណត្តិសម្រាប់ការជំរុញរបស់លោកស្រី ក្នុងការធ្វើឲ្យសេដ្ឋកិច្ចជប៉ុន មានភាពវិជ្ជមានឡើងវិញ ជាមួយនឹងគោលនយោបាយសារពើពន្ធពង្រីកបន្ថែម ។
លោកស្រី Takaichi Sanae ដែលមានវ័យ ៦៤ឆ្នាំរូបនេះ បានចូលប្រឡូកក្នុងឆាកនយោបាយនៅវ័យត្រឹមតែ ៣១ឆ្នាំ ។
ក្នុងតំណែងជាសមាជិកបក្សប្រជាធិបតេយ្យសេរី (LDP) ជិត៣ទស្សវត្សរ៍ ស្រ្តីដែកថែបរូបនេះ ធ្លាប់ប្រជែងតំណែងតំណាងបក្សចំនួន ៣ដង ដោយលើកចុងក្រោយ បានផ្ដល់ឱកាសឱ្យលោកស្រីក្លាយជានាយករដ្ឋមន្ត្រីស្ត្រីរបស់ជប៉ុនដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ ៕


ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា