ប្រមុខគណបក្សកាន់អំណាច កម្ពុជា-វៀតណាម-ឡាវ ប្រជុំកំពូលនៅភ្នំពេញ

គណបក្សកាន់អំណាចបីប្រទេស កម្ពុជា វៀតណាម ឡាវ នឹងបើកកិច្ចប្រជុំកំពូលទ្វេភាគី និងកំពូលត្រីភាគីនៅរាជធានីភ្នំពេញក្នុងសប្ដាហ៍នេះ ដោយកម្ពុជាធ្វើម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះត្រូវបានរៀបចំស្របគ្នានឹងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម អគ្គលេខាធិការនសគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម និងឯកឧត្តម ថងលុន ស៊ីសូលីត អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅកម្ពុជា
ផងដែរ។

គណបក្សប្រជាជនកម្ពុជាបានប្រកាសឱ្យដឹងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦​នេះថា នៅថ្ងៃទី៦-៧ ខែកុម្ភៈឆ្នាំ​២០២៦ គណបក្ស​ប្រជាជនកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលចំនួនបី ក្នុងនេះ៖១) កិច្ចប្រជុំកំពូលទ្វេភាគី រវាងគណៈអចិន្ត្រៃយ៍​គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយ​នីស្តវៀតណាមដឹកនាំដោយ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម,
២) កិច្ចប្រជុំកំពូលទ្វេភាគី រវាងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាដឹកនាំដោយ សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវដឹកនាំដោយ ឯកឧត្តម ថងលុន ស៊ីសូលីត អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និង៣) កិច្ចប្រជុំកំពូលត្រីភាគី រវាងអ្នកដឹកនាំ​កំពូល គណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាមនិងបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយ ប្រធានគណបក្ស/អគ្គលេខាធិការបក្សទាំងបីរូប និងមានការចូលរួមពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងបីថ្នាក់ដឹកនាំនៃរដ្ឋសភានៃប្រទេសទាំងបី និងឥស្សរជនរបស់គណបក្សមួយចំនួនទៀត។

កិច្ចប្រជុំកំពូលទាំងបី រៀបចំឡើងដើម្បីលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ និងការជួយ​គាំទ្រគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហានានា ក្នុងទំនាក់ទំនងរវាងគណបក្សទាំងបី ឱ្យបានទាន់ពេល និងមាន​ប្រសិទ្ធភាព។ ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដើម្បីឯករាជ្យភាព អធិបតេយ្យសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ផលប្រយោជន៍ គណបក្ស រដ្ឋ និងប្រជាជន នៃប្រទេសទាំងបីកិច្ចប្រជុំ ក៏នឹងចូលរួមចំណែកដល់ការកសាង និងការពារសន្តិភាព និងវិបុលភាពតំបន់ និងពិភពលោក។

យោងតាមសេចក្តីប្រកាសដដែលបញ្ជាក់ដែរថា កិច្ចប្រជុំកំពូលទាំងបីខាងលើ គឺត្រូវបានរៀបចំស្របគ្នានឹងដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ របស់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាមនៅកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ និងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម ថងលុន ស៊ីសូលីត អគ្គលេខាធិការ នៃគណៈកម្មាធិការ​មជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅកម្ពុជា នៅ
ថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមព្រះរាជអញ្ជើញរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ

ads banner