ប្រធានាធិបតីអ៊ីរ៉ង់ ឱ្យបើកការចរចា ជាមួយអាមេរិក

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ បានបញ្ជាឱ្យចាប់ផ្តើមបើកកិច្ចចរចា ជាមួយសហរដ្ឋអាមេរិក នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុក។

ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ កាលពីថ្ងៃចន្ទ ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាឱ្យចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពី លោក Donald Trump បង្ហាញពីក្តីសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងមួយ ដើម្បីទប់ស្កាត់ សកម្មភាពយោធា មិនឲ្យកើតមានឡើង។

ប្រភពពីរដ្ឋាភិបាល ដែលមិនបញ្ចេញឈ្មោះ បានអះអាងថា ប្រធានាធិបតី Pezeshkian ពិតជាបានបញ្ជាឱ្យបើកកិច្ចចរចាពិតមែន ប៉ុន្តែ មិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ នោះទេ ដោយគ្រាន់តែអះអាងថា «អ៊ីរ៉ង់ និង សហរដ្ឋអាមេរិកនឹងធ្វើការចរចា លើឯកសារនុយក្លេអ៊ែរ»។

អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បានចេញមកបញ្ជាក់បន្ថែមថា «យើងកំពុងពិនិត្យ និងបញ្ចប់ព័ត៌មានលម្អិត លើជំហាននីមួយៗ នៃដំណើរការ ការទូត ដែលយើងសង្ឃឹមថា នឹងបញ្ចប់ នៅថ្ងៃខាងមុខ»។

ការអះអាងរបស់អ៊ីរ៉ង់នេះ ធ្វើឡើង នៅ១ថ្ងៃ បន្ទាប់ពី លោក ត្រាំ បានបង្ហាញពីក្តីសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀង ជាមួយអ៊ីរ៉ង់ ប៉ុន្តែ ជាការលើកឡើង បន្ទាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ព្រមានពីការផ្ទុះសង្គ្រាម ក្នុងតំបន់ទាំងមូល បើអាមេរិក ហ៊ានវាយ អ៊ីរ៉ង់ មុន។

ទីក្រុងតេហេរ៉ង់ ក៏ធ្លាប់ព្រមានថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រៀមខ្លួនផ្ទុះអាវុធខ្លាំង ជាងពេលណាៗទាំងអស់ ដើម្បីការពារប្រទេស ជាពិសេស អ៊ីរ៉ង់នឹងធ្វើឲ្យអាមេរិក និងអ៊ីស្រាអែលរងការឈឺចាប់មិនធ្លាប់មាន ចំពោះការឈ្លានពានណាមួយ ពីសត្រូវទាំងនេះ។

ភាពតានតឹង រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានពុះកញ្ជ្រោលខ្លាំង បន្ទាប់ពីនាវាផ្ទុកយន្តហោះអាមេរិក USS Abraham Lincoln អមដោយនាវាពិឃាតចំនួន ៣ គ្រឿងប្រដាប់ដោយមីស៊ីល Tomahawk បានទៅដល់តំបន់មជ្ឈិមបូព៌ា កាលពីសប្តាហ៍មុន៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner