ជប៉ុន ជួបព្រិលធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងពេល ៤០ ឆ្នាំ ខណៈមនុស្ស ២៧ នាក់ស្លាប់
តូក្យូ ៖ តំបន់ខ្លះនៃខេត្តអាអូម៉ូរី ភាគខាងជើងប្រទេសជប៉ុន បានជួបប្រទះព្រិលធ្លាក់ខ្លាំងមានជម្រៅដល់ទៅ ១.៧ម៉ែត្រ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៤០ឆ្នាំ ខណៈដែលមនុស្សចំនួន ២៧នាក់ហើយបានស្លាប់ ។
ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា ជម្រៅព្រិលបានលើសពីមធ្យមភាគតាមរដូវកាលនៅក្នុងតំបន់ជាច្រើន ដោយសារតែការធ្លាក់ព្រិលជាបន្តបន្ទាប់ ចាប់តាំងពីខែមករាដើមឆ្នាំ ។
បើតាមសារព័ត៌មាន NHK ចេញផ្សាយថ្ងៃទី២ ខែកុម្ភៈ, គិតត្រឹមម៉ោង ១១ព្រឹក ជម្រៅព្រិលនៅក្នុងខេត្តអាអូម៉ូរី មានកម្ពស់ដល់ទៅ ១,៧ ម៉ែត្រ ។ តួលេខនេះ គឺកើនឡើង ២,៥ដង ហើយវាជាលើកដំបូងបង្អស់ ចាប់តាំងពីឆ្នាំ ១៩៨៦ ជាឆ្នាំដែលព្រិលបានធ្លាក់លើសពីជម្រៅ ១,៨ម៉ែត្រ ។
យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គីភ័យជប៉ុន, ស្ថានភាពរដូវរងាដ៏អាក្រក់ និងគ្រោះថ្នាក់ទាក់ទងនឹងព្រិលក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយនេះបានឆក់យកអាយុជីវិតមនុស្សចំនួន ២៧នាក់ និង ២៩០នាក់ផ្សេងទៀតរងរបួស ក្នុងនោះមានអ្នកខ្លះធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ។
ជាការឆ្លើយតប អាជ្ញាធរបានណែនាំឱ្យអ្នកស្រុកត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះហេតុការណ៍គ្រោះថ្នាក់ផ្សេងៗបង្កឡើងពីការធ្លាក់ព្រិលខ្លាំង ជាពិសេសថែទាំងសុខភាព និងតាមដានព័ត៌មានឧតុនិយមថ្មីៗ ខណៈដែលព្រិលត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់នៅតំបន់តាមបណ្តោយឆ្នេរសមុទ្រជប៉ុនរហូតដល់ថ្ងៃទី៣ ខែកុម្ភៈនេះ ៕




ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា