លោក ត្រាំ ប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ក្រោយឈប់ទិញប្រេងរុស្ស៊ី
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃចន្ទ បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ដោយអះអាងថា លោក Modi បានសន្យាថា នឹងបញ្ឈប់ការទិញប្រេងពីរុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។
នៅក្នុងការបង្ហោះ លើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ថា «លោក Modi បានយល់ព្រមឈប់ទិញប្រេងពីរុស្ស៉ី ហើយងាកទៅទិញប្រេងយ៉ាងច្រើន ពីសហរដ្ឋអាមេរិក និង ពីវ៉េណេស៊ុយអេឡា ដែលនេះនឹងជួយបិទបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន»។
លោក ត្រាំ បាននិយាយថា រូបលោកបានសម្រេចចិត្ត បន្ធូរបន្ថយពន្ធគយ លើទំនិញឥណ្ឌា មកនៅត្រឹម ១៨ភាគរយ។ កន្លងមក លោក ត្រាំ បានដំឡើងពន្ធគយបដិការ ២៥ភាគរយ បូកបន្ថែមពី ២៥ភាគរយ ទៀត លើទំនិញ នាំចូលពីប្រទេសឥណ្ឌា សម្រាប់ការបន្តទិញប្រេងពីរុស្ស៉ី។ មន្ត្រីសេតវិមាន បានអះអាងដែរថា ពន្ធគយបន្ថែម ជុំវិញការទិញប្រេងពីរុស្ស៉ី ដែលដាក់ កាលពីខែសីហា ឆ្នាំមុន ក៏នឹងត្រូវបានបញ្ចុះផងដែរ។
លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានឱ្យដឹង កាលពីថ្ងៃទី២ ខែកុម្ភ ដែរថា លោកមានកិច្ចសន្ទនា តាមទូរស័ព្ទដ៏អស្ចារ្យ មួយជាមួយលោក ត្រាំ និង បានអរគុណប្រធានាធិបតីអាមេរិក ដែលបានបន្ធូរបន្ថយពន្ធគយ លើទំនិញឥណ្ឌា ប៉ុន្តែ មិនបានលើកឡើង ពីការអះអាងរបស់លោក ត្រាំ ដែលថា ឥណ្ឌាឈប់ទិញប្រេងពីរុស្ស៉ី ទេ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត