NATO ត្រៀមពង្រាយកងទ័ពនៅអ៊ុយក្រែន បើសិនឈានដល់កិច្ចព្រមព្រៀងសន្តិភាព
ព្រុចសែល ៖ ប្រមុខដឹកនាំអង្គការណាតូ បានប្រកាសថា អ៊ុយក្រែននឹងមើលឃើញវត្តមានយោធាមកពីប្រទេសសម្ព័ន្ធមិត្តភ្លាមៗ ប្រសិនបើឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ។
បើតាមសារព័ត៌មាន Anadolu Agency ចេញផ្សាយថ្ងៃទី៣ ខែកុម្ភៈ, អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានអះអាងថា បើសិនមានកិច្ចព្រមព្រៀងសន្តិភាព នោះកងកម្លាំងជើងគោក ជើងអាកាស និងជើងទឹកមកពីប្រទេសសមាជិកសម្ព័ន្ធនៃឆន្ទៈ នឹងត្រូវដាក់ពង្រាយនៅលើទឹកដីអ៊ុយក្រែនភ្លាមៗ ។
លោក Rutte ដែលមានវ័យ៥៩ឆ្នាំរូបនេះ បានថ្លែងអះអាងនៅចំពោះមុខសភាអ៊ុយក្រែនថា ការយកចិត្តទុកដាក់របស់អង្គការណាតូ ចំពោះសន្តិសុខរបស់អ៊ុយក្រែន គ្មានថ្ងៃធ្លាក់ចុះឡើយ បើទោះបីជាមានបញ្ហាប្រឈមសកលផ្សេងៗក៏ដោយ ។
ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov កន្លងមក ធ្លាប់បានអះអាងរួចហើយថា ការផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន តាមរយៈអន្តរាគមន៍យោធាបរទេសលើផ្នែកខ្លះនៃទឹកដីអ៊ុយក្រែន នឹងក្លាយជារឿងមិនអាចទទួលយកបានដាច់ខាតសម្រាប់រុស្ស៊ី ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបានឆាបឆេះឡើងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ។
ហើយភាគីជម្លោះទាំងរុស្ស៊ី និងអ៊ុយក្រែន នឹងពិភាក្សាអំពីកិច្ចព្រមព្រៀងសន្តិភាព នៅឯកិច្ចចរចាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅទីក្រុងអាប៊ូដាប៊ី នៅថ្ងៃទី៤ និងទី៥ ខែកុម្ភៈនេះ ៕



ប្រភព ៖ Anadolu Agency ប្រែសម្រួល ៖ ឈឹម ទីណា