កម្ពុជា-វៀតណាម-ឡាវ ប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ

ថ្នាក់ដឹកនាំប្រទេសកម្ពុជា ឡាវ និងវៀតណាម បានប្ដេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសបទល្មើសអនឡាញ (Online Scam)។

អាន៖ នៅកិច្ចប្រជុំកំពូលទ្វេភាគី និងត្រីភាគីរវាងថ្នាក់ដឹកនាំកម្ពុជា-ឡាវ-វៀតណាម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានឯកភាពគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក និងបង្ហាញការតាំងចិត្តក្នុងការរួមគ្នាបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam), គ្រឿងញៀន និងការជួញដូរមនុស្ស។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មានមួយ រៀបចំឡើងកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីបង្ហាញលទ្ធផលរួមនៃកិច្ចប្រជុំកំពូលទាំងនេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ថ្នាក់ដឹកនាំទាំងបីបានឯកភាពរួមគ្នាប្រឆាំងនូវឧក្រិដ្ឋកម្មឆ្លងដែនទាំងនេះ, ដែលទាមទារគ្រប់ប្រទេសទាំងអស់ប្រើយន្ដការ និងការប្ដេជ្ញាចិត្តខ្ពស់ កម្ទេចចោលបណ្ដាញឧក្រិដ្ឋជន ដើម្បីកុំឲ្យមានការចោទប្រកាន់គ្នា ដោយអយុត្តិធម៌។

ឯកឧត្តម សួស យ៉ារ៉ា បានអះអាងថា ថ្នាក់ដឹកនាំទាំងបីប្រទេសក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការផ្លាស់ប្ដូរព័ត៌មាន ព្រោះព័ត៌មានដែលអាចធ្វើឲ្យបាត់បង់ទំនុកចិត្តប្រជាជន បំផ្លាញសាមគ្គីភាព កម្ពុជា វៀតណាម ឡាវ គឺជាព័ត៌មានអកុសល ដែលមិនគួរមាននោះទេ ។ ˝ដូច្នេះយើងនឹងចែករំលែក និងប្រឆាំងព័ត៌មានក្លែងក្លាយនេះ។ ក្រៅពីការប្រឆាំងព័ត៌មានក្លែងក្លាយ យើងក៏ចូលរួមប្រឆាំងគោលនយោបាយអមិត្ត និងការជ្រៀតជ្រែករបស់បរទេស ប្រឆាំងភេរវកម្ម ដែលបង្កើតនូវព័ត៌មានក្លែងក្លាយ តាមរយៈបច្ចេកវិទ្យាព័ត៌មាន ឬសកម្មភាពអវិជ្ជមានផ្សេងៗ˝។ នេះជាការបញ្ជាក់របស់ឯកឧត្តម សួស យ៉ារ៉ា។

ក្រៅពីនេះ ថ្នាក់ដឹកនាំកំពូលនៃគណបក្សដឹកនាំប្រទេសទាំងបី បានជូនព័ត៌មានគ្នាទៅវិញទៅមក អំពីសភាពការណ៍ជាតិ តំបន់ និងអន្ដរជាតិ ព្រមទាំងចែករំលែកអំពីបទពិសោធន៍ និងសភាពការណ៍លេចធ្លោនៃគណបក្ស និងប្រទេសនីមួយៗ ព្រមទាំងទំនាក់ទំនងទ្វេភាគី ត្រីភាគី និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ហើយបានដាក់ចេញគោលការណ៍ និងទិសដៅ សម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងពេលខាងមុខ ។

ឯកឧត្តម សួស យ៉ារ៉ា បន្ថែមថា ភាគីទាំងបី បានកោតសរសើរ និងវាយតម្លៃខ្ពស់ អំពីសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការកន្លងមក ហើយបានសម្តែងនូវការជឿទុកចិត្តគ្នាខ្ពស់ ក្នុងការប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីឲ្យប្រទេសទាំងបី សម្រេចគោលដៅក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៤៥សម្រាប់វៀតណាម ឆ្នាំ២០៥០សម្រាប់កម្ពុជា និងឆ្នាំ២០៥៥សម្រាប់ប្រទេសឡាវ ៕

ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner