ម្ចាស់ជ័យលាភីណូបែល ប្តេជ្ញាទៅវេណេស៊ុយអេឡា ទោះបីសម្ព័ន្ធមិត្ត ត្រូវបានឃុំខ្លួន

ការ៉ាកាស ៖ ម្ចាស់ជ័យលាភីណូបែលសន្តិភាព និង ជាមេបក្សប្រឆាំងដ៏មានឥទ្ធិពល លោកស្រី Machado ប្តេជ្ញាត្រឡប់ចូលទៅប្រទេសវេណេស៊ុយអេឡាវិញ បើទោះបីជាសម្ព័ន្ធមិត្តរបស់ខ្លួន ត្រូវបានឃុំខ្លួនក៏ដោយ។

លោកស្រី បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ ថា «ការណ៍នេះ មិនប៉ះពាល់ដល់ការត្រឡប់របស់ខ្ញុំទេ…ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា ខ្ញុំមានកិច្ចការមួយចំនួន ដែលត្រូវបញ្ចប់ មុនពេលត្រឡប់ទៅវិញ ហើយនៅពេលយើងសម្រេចបានហើយនោះ ខ្ញុំនឹងត្រឡប់ទៅប្រទេសវ៉េណេស៊ុយអេឡាវិញ»។

លោកស្រី បាននិយាយទៀតថា នឹងត្រឡប់ទៅប្រទេសវេណេស៊ុយអេឡា ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន និង ចូលរួមជាមួយប្រជាជនវេណេស៊ុយអេឡា ក្នុងវឌ្ឍនភាព ឆ្ពោះទៅកាន់ការផ្លាស់ប្តូរ ទៅរកប្រជាធិបតេយ្យ។

យ៉ាងណា លោកស្រី Machado ដែលបានចាកចេញពីមាតុប្រទេស ដោយស្ងាត់ស្ងៀម ដើម្បីទៅទទួលរង្វាន់ណូបែលសន្តិភាព នៅទីក្រុង Oslo កាលពីខែធ្នូ មិនបានកំណត់ពេលវេលាច្បាស់លាស់ ដែលនឹងត្រឡប់ទៅវិញនោះទេ។

បើតាមលោកស្រី Machado, លោក Juan Pablo Guanipa អតីតអនុប្រធានរដ្ឋសភា ដែលជិតស្និទ្ធនឹងលោកស្រី ត្រូវបានដោះលែង កាលពីថ្ងៃអាទិត្យ រួមជាមួយឥស្សរជនប្រឆាំង មួយចំនួនទៀត។ ប៉ុន្តែ លោក Guanipa ត្រូវបានក្រុមប្រដាប់អាវុធយ៉ាងច្រើន នាំខ្លួនទៅវិញ បន្ទាប់ពីលោកបានទាមទារជាសាធារណៈ នូវការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ នៅវ៉េណេស៊ុយអេឡា។

ប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy Rodriguez បានដោះលែងអ្នកទោសរាប់រយនាក់ ដែលបានជាប់ពន្ធនាគារ ក្រោមការដឹកនាំរបស់ អតីតប្រធានាធិបតី លោក Nicolas Maduro ពោលគឺនៅបន្ទាប់ពី​ លោកប្រធានាធិបតី Donald Trump បានបញ្ជាឱ្យកងកម្លាំងអាមេរិក ទៅវាយឆ្មក់ដ៏សាហាវ ចូលទៅចាប់ខ្លួន លោក Maduro ដល់រដ្ឋធានីការ៉ាកាស កាលពីថ្ងៃទី៣ ខែមករា៕

ប្រភពពី AFP ប្រែសម្ររួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner