ចិនព្រមានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ បើសិនជប៉ុនហ៊ានបង្កហេតុ
ប៉េកាំង ៖ ប្រទេសចិនបានព្រមានធ្ងន់ៗកាលពីថ្ងៃចន្ទថា ខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើជប៉ុនហ៊ានបង្កហេតុ ឬធ្វើសកម្មភាពណាមួយខ្វះការប្រុងប្រយ័ត្ន ខណៈការគំរាមនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីគណបក្សរបស់លោកស្រីនាយករដ្ឋមន្រ្តី សាណាអិ តាកៃឈី ឈ្នះឆ្នោតសកលភ្លូកទឹកភ្លូកដី ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ចៀន បានថ្លែងក្នុងសន្និសិទសារព័ត៌មានប្រចាំថ្ងៃថា បើសិនកងកម្លាំងស្តាំនិយមជ្រុលនៅជប៉ុន យល់ខុសស្ថានការណ៍ ហើយធ្វើសកម្មភាពដោយមិនប្រុងប្រយ័ត្ន នោះពួកគេក៏នឹងប្រឈមមុខនូវការតស៊ូពីប្រជាជនជប៉ុនខ្លួនឯង និងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីសហគមន៍អន្តរជាតិផងដែរ ។
លោកថា ចិនអំពាវនាវជាថ្មីម្តងទៀតដល់ភាគីជប៉ុន ឱ្យដកការអត្ថាធិប្បាយខុសឆ្គងដែលធ្វើឡើងដោយលោកស្រីនាយករដ្ឋមន្រ្តី តាកៃឈី ទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់ ហើយបង្ហាញពីភាពស្មោះត្រង់ជាមូលដ្ឋាន ដើម្បីការពារមូលដ្ឋានគ្រឹះនយោបាយក្នុងទំនាក់ទំនងចិន-ជប៉ុន តាមរយៈសកម្មភាពជាក់ស្តែង ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងជប៉ុន ជួបភាពល្អក់កករខ្លាំង ដោយសារតែសន្ទរកថាដ៏ចម្រូងចម្រាស់របស់លោកស្រីនាយករដ្ឋមន្រ្តី តាកៃឈី ដែលបានថ្លែងកាលពីខែវិច្ឆិកាឆ្នាំមុនថា ទីក្រុងតូក្យូ អាចនឹងធ្វើអន្តរាគមន៍យោធា បើសិនចិនបើកការវាយប្រហារណាមួយទៅលើកោះតៃវ៉ាន់ ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា