សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញការអនុវត្តគោលការណ៍ អ្នកចេះគឺជាប់ និងបង្កើនបរិមាណសិស្សជាប់និទ្ទេស A
ភ្នំពេញ៖ ដើម្បីចូលរួមជំរុញការអនុវត្តគោលការណ៍ អ្នកចេះគឺជាប់ និងការបង្កើនបរិមាណសិស្សជាប់និទ្ទេស A សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ ចូលរួមអនុវត្ត ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សជាប់និទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ការប្រឡងសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ កម្រិត៣ នៅព្រឹកថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការពង្រឹងគុណភាពវិស័យអប់រំកម្ពុជា គឺជាគោលដៅឤទិភាពរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ សម្រាប់អនុវត្តនៅគ្រប់ដំណាក់កាល គឺការអប់រំឱ្យមានចំណេះដឹងទូលាយ ជំនាញពិតប្រាកដ ព្រមទាំង សីលធម៌ គុណភាព និង មនសិការស្នេហាជាតិ ជាពិសេស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ការតម្រង់ទិសសម្រាប់ទីផ្សារការងារ និងការពង្រឹងជំនាញបច្ចេកទេសដល់យុវជន សំដៅធានាថា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរ និងរួមចំណែកក្នុងកាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។
សម្ដេចធិបតី បន្តថា ការងារអភិវឌ្ឍធនធានមនុស្សកម្ពុជា ពិតជាមានមោទនភាពខ្ពស់ នៅពេលដែលវិស័យអប់រំរបស់ខ្លួន ទទួលបាននូវការរីកចម្រើន ទាំងបរិមាណ និង គុណភាព ព្រោះអនាគតរបស់ប្រទេសជាតិ គឺភ្ជាប់ជាមួយអនាគតរបស់យុវជន ។
ដើម្បីចូលរួមជំរុញការអនុវត្តគោលការណ៍ «អ្នកចេះគឺជាប់» និង ការបង្កើនបរិមាណសិស្សជាប់និទ្ទេស A សម្ដេចនាយករដ្ឋមន្ត្រី សូមផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និង មន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ យុវជន និង កីឡា ដើម្បីចូលរួមអនុវត្តបន្ត រួមមាន៖
ទី១. ត្រូវបង្កើនលទ្ធភាព តាមគ្រប់រូបភាព ដើម្បីបណ្តុះបណ្តាលសិស្សពូកែ រាប់ចាប់តាំងពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ និង រៀបចំឱ្យមានការគាំទ្រចំពោះមុខដល់សិស្សរៀនពូកែដែលកំពុងជួបបញ្ហា ទាំងក្នុងការរស់នៅ និង ការរៀនសូត្រ,
ទី២. ត្រូវផ្តល់នូវការតម្រង់ទិសសិក្សា ដើម្បីឱ្យសិស្សពូកែរបស់យើង ឈានចូល និងបន្តការសិក្សានៅកម្រិតបន្តបន្ទាប់ នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា ឈានមុខនៅលើសកលលោក ដែលនឹងក្លាយជាធនធានដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេស មុខជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា,
ទី៣. ត្រូវរៀបចំចងក្រងនូវបទពិសោធរបស់ក្មួយៗដែលជាសិស្សពូកែ អំពីវិធីសាស្រ្តក្នុងការរៀនសូត្រឱ្យក្លាយជាសិស្សពូកែ ដើម្បីចែករំលែកដល់ក្មួយៗ សិស្សានុសិស្សដទៃទៀត,
ទី៤. ត្រូវបន្តផ្តល់អាហារូបករណ៍ដល់សិស្សពូកែ សិស្សជួបការលំបាក ជាពិសេស សិស្សនារី និង សិស្សក្នុងគ្រួសារក្រីក្រ និង ធានាប្រសិទ្ធភាព និង
ទី៥. ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្មនូវគោលនយោបាយអភិវឌ្ឍវិស័យអប់រំ ដើម្បីធានាថា ការអប់រំមានគុណភាព ប្រកបដោយបរិយាប័ន្ន និង លើកកម្ពស់ឱកាស ក្នុងការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា ៕






