សត្វស្វាក្តាម២ក្បាលត្រូវបានសង្រ្គោះបន្ទាប់ពីត្រូវបានគេត្រៀមយកទៅធ្វើម្ហូប
ភ្នំពេញ៖សត្វស្វាក្តាមចំនួន២ក្បាលដែលជាសត្វកម្រត្រូវបានគេសង្រ្គោះឱ្យមានជីវិតបន្ទាប់ពីគេបានចាប់យកមកពីព្រៃនៅក្នុង ប្រទេសកម្ពុជា ហើយបម្រុងយកទៅធ្វើម្ហូបនៅអាហារដ្ឋានមួយកន្លែង ក្នុងរាជធានីភ្នំពេញ។
អាន៖អង្គការគាំពារសត្វព្រៃកម្ពុជា( CWC)នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៦បង្ហាញរូបភាពស្វាក្តាមចំនួនពីរក្បាលដែលគេដាក់ក្នុងទ្រុង។ពួកវាត្រូវបានគេបម្រុងយកទៅធ្វើម្ហូប តែត្រូវបានប្រជាពលរដ្ឋម្នាក់ ជួបប្រទះអាណិតបានសង្រ្គោះដោយទិញយកមកប្រគល់ឱ្យអង្គការ គាំពារសត្វព្រៃកម្ពុជា។
លោក ផាប់ សុផា ភ្នាក់ងារទទួលសត្វរបស់អង្គការគាំពារសត្វព្រៃ កម្ពុជាបានឱ្យដឹងថាសត្វស្វាទាំងពីរក្បាលនេះត្រូវបានប្រជាពលរដ្ឋយក ចេញពីហាងអាហារមួយកន្លែងនៅតំបន់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។សត្វស្វានេះគេបម្រុងយកទៅធ្វើម្ហូប តែពលរដ្ឋអាណិត បានទិញសង្រ្គោះដោយប្រគល់ឱ្យអង្គការគាំពារសត្វព្រៃកម្ពុជាតែម្តង។
ចំណែកលោក ទ្រី ស៊ីថេង ប្រធាន អង្គការគាំពារសត្វព្រៃកម្ពុជាបាន បណ្ដាញព័ត៌មានAMS បន្ទាប់ពីទទួលបានសត្វស្វាក្តាមទាំង២ អង្គការរបស់លោកបានប្រគល់វាទៅមន្រ្តីជំនាញនៃសួនសត្វភ្នំតាម៉ៅ យកទៅថែទាំបន្ត។
គួរបញ្ជាក់ថា ស្វាក្តាមមានប្រវែងពីក្បាលដល់កន្ទុយ ៩២-១០៩សង់ ទីម៉ែត្រ ។កន្ទុយរបស់វាវែងជាងគេក្នុងចំណោមប្រភេទស្វានានានៅ ទ្វីបអាស៊ី។កូនរបស់វាកើតមកមានពណ៌ខ្មៅ។ ចំពោះស្វាមិនទាន់ ពេញវ័យមានដុះរោមកញ្ចុំវែងៗលើក្បាល។ ចំណែកស្វាចាស់វិញមាន រោមវែងក្រាស់ដុះជុំវិញមុខ និងមានថ្ងាសទំពែក។ជាប្រភេទសត្វដែលចូលចិត្តរស់នៅជាហ្វូងតាមតំបន់ព្រៃលិចទឹក តំបន់ព្រៃភ្នំ តំបន់ព្រៃកោងកាង តាមឆ្នេរសមុទ្រ និងតំបន់កសិកម្ម បណ្តោយឆ្នេរខ្សាច់ និងតាមឆ្នេរកោះ ជាពិសេសវាលភក់ព្រៃកោងកាង។ វារស់នៅជាហ្វូងធំរហូតដល់ ១០០ ក្បាល។ ស្វាក្តាម កូនម្តងបានតែមួយគត់បន្ទាប់ពីពពោះអស់រយៈពេល៥-៦ខែ។
ចំណីរបស់សត្វស្វាក្តាមរួមមាន ក្តាម បង្កង ខ្យង ខ្ចៅ គ្រុំ លៀស ងាវ សត្វល្អិត ផ្លែឈើ ត្រួយស្លឹកឈើជាដើម។ ស្វាក្តាមជាប្រភេទសត្វមិនខ្លាចទឹក និងមានជំនាញហែលទឹក។ ស្វាក្តាមឈ្មោលអាចហែលមុជទឹករហូតដល់ចម្ងាយ ៥០ ម៉ែត្រ៕




ដោយ៖ម៉ាដេប៉ូ