ហ្វីលីពីនចង់ពង្រឹងបេសកកម្មរបស់ក្រុមសង្កេតការណ៍អាស៊ាន AOT

កាលពីថ្ងៃទី១២កុម្ភៈ ឯកឧត្តមនាយឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ ។

អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូហ្វីលីពីនមកកម្ពុជាលើកនេះ មានគោលបំណងស្វែងយល់អំពីសភាពការណ៍តាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ហើយរាយការណ៍ជូនប្រធានាធិបតីហ្វីលីពីន ដើម្បីពិនិត្យរកវិធីសាស្រ្តកែលម្អ និងអភិវឌ្ឍបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម Romeo S. Brawner Jr. បានបញ្ជាក់ថា មុនមកកម្ពុជា គណៈប្រតិភូបានបំពេញទស្សនកិច្ចនៅប្រទេសថៃរយៈពេល៣ថ្ងៃ ដោយបានចុះពិនិត្យស្ថានភាពតាមបន្ទាត់ព្រំដែនខាងភាគីថៃ និងស្តាប់មតិយោបល់ពីភាគីពាក់ព័ន្ធ។ ការមកកាន់កម្ពុជាលើកនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីទស្សនៈ និងចក្ខុវិស័យរបស់ភាគីកម្ពុជា ព្រមទាំងគ្រោងចុះពិនិត្យស្ថានភាពជាក់ស្តែងតាមបន្ទាត់ព្រំដែនផងដែរ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះហ្វីលីពីន ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន និងជាប្រធានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅឆ្នាំនេះ។ ឯកឧត្តមបានជម្រាបអំពីការវិវត្តន៍ស្ថានការណ៍តាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ក្នុងអំឡុងពេលកន្លងមក និងបច្ចុប្បន្ន ព្រមទាំងបញ្ជាក់ជំហររបស់កម្ពុជា ក្នុងការចង់បានសុខសន្តិភាព គោរពកិច្ចព្រមព្រៀង និងបទឈប់បាញ់ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

ឯកឧត្តម ទៀ សីហា បានបង្ហាញការជឿជាក់ថា ដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនលើកនេះនឹងរួមចំណែកពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីនឱ្យកាន់តែរឹងមាំ៕

ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner