បក្សភឿថៃ ព្រមចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយលោក អានុទីន

គណៈបក្សភឿថៃដែលជាបក្សឈ្នះឆ្នោតលំដាប់ទី ៣ ក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ ប្រកាសនឹងចូលរួមបង្កើតរដ្ឋាភិបាលចម្រុះដឹកនាំដោយលោកនាយករដ្ឋមន្ត្រីចាំផ្ទះ អានុទីន ឆាន់វីរៈគុល ។

បើតាមលទ្ធផលបឋមពីគណៈកម្មការរៀបចំការបោះឆ្នោតថៃបង្ហាញថា គណបក្សភូមិចៃថៃរបស់លោក អានុទីន ទទួលបានជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើល ដោយឈ្នះអាសនៈចំនួន ១៩៣ ក្នុងចំណោមអាសនៈចំនួន ៥០០ ។

តាមពីក្រោយគណបក្សភូមិចៃថៃ គឺគណបក្សប្រជាជនថៃរបស់មេបក្សវ័យក្មេង Natthapong ទទួលបានអាសនៈចំនួន ១១៨ ខណៈគណបក្សភឿថៃរបស់ក្មួយប្រុសលោក ថាក់ស៊ីន ឈ្នះអាសនៈចំនួន ៧៤ ។

បើតាម Bloomberg, ការចូលរួមរបស់គណបក្សភឿថៃដែលមានអតីតនាយករដ្ឋមន្ត្រីលោកស្រី ផែថងថាន នឹងបង្គ្រប់សំឡេងភាគច្រើននៅក្នុងសភាសម្រាប់គណបក្សភូមិចៃថៃ ជាពិសេសវានឹងអាចបើកផ្លូវដល់លោក អានុទីន សម្រាប់ការបង្កើតរដ្ឋាភិបាលចម្រុះដែលមានស្ថិរភាព ។

លោក អានុទីន បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីជួបពិភាក្សាជាមួយមេដឹកនាំបក្សភឿថៃថា “យើងនឹងធ្វើការជាមួយគណបក្សភឿថៃដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ និងដើម្បីគ្រប់គ្រងប្រទេសឲ្យល្អទៅមុខ” ។

គណបក្សភូមិចៃថៃ គឺជាអតីតសមាជិកនៃរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ ដែលបានឡើងកាន់អំណាច បន្ទាប់ពីការបោះឆ្នោតក្នុងឆ្នាំ ២០២៣ ។

ប៉ុន្តែគណបក្សរបស់លោក អានុទីន បានដើរចេញពីសម្ព័ន្ធនយោបាយមួយនេះកាលពីខែមិថុនា ឆ្នាំមុន បន្ទាប់ពីលោកស្រី ផែថងថាន ត្រូវបានបណ្ដេញចេញពីតំណែង ។

លោក អានុទីន និយាយថា “សូមលុបបំបាត់រឿងយល់ច្រឡំណាមួយកាលពីអតីតកាល ។ លោកថា គណបក្សភូមិចៃថៃចង់ធ្វើការជាមួយបក្សភឿថៃដើម្បីគ្រប់គ្រងប្រទេសជាមួយគ្នា” ៕

ប្រភព ៖ Bloomberg ប្រែសម្រួល ៖ សុខ ជីវ័ន្ត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner