លោក Zelensky ថា លោក Putin ជាទាសករនៃសង្គ្រាម

ប៊ែរឡាំង ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបរិហារ មេដឹកនាំរុស្ស៊ី លោក Vladimir Putin ថា ជា ទាសករនៃសង្គ្រាម នៅក្នុងសុន្ទរកថា ទៅកាន់សន្និសិទសន្តិសុខទីក្រុង Munich នៅប្រទេសអាល្លឺម៉ង់ ។

មេដឹកនាំរូបនេះ បានផ្សារភ្ជាប់ពីការហៅដូច្នេះ ជាមួយនឹងការវាយប្រហាររបស់រុស្ស៊ី នាពេលថ្មីៗនេះ ដែលបានធ្វើឱ្យខូចខាត ដល់រោងចក្រថាមពលទាំងអស់ នៅក្នុងប្រទេសអ៊ុយក្រែន។

អំឡុងព្រឹត្តិការណ៍ ដែលរៀបចំឡើង កាលពីថ្ងៃសៅរ៍, លោក Zelensky បាននិយាយថា «គាត់ប្រហែលជាមើលឃើញខ្លួនឯងថា ជាអធិរាជ
ប៉ុន្តែ តាមពិត គាត់គឺជាទាសករនៃសង្រ្គាម»។ ជាថ្មីម្តងទៀត លោក Zelensky បានអំពាវនាវទៅលោកខាងលិច ឲ្យឆាប់ផ្តល់ប្រព័ន្ធការពារអាកាស ដល់អ៊ុយក្រែន កាន់តែលឿន កាន់តែល្អ។

លោក Zelensky ក៏បានទាក់ទាញភាពស្របគ្នា រវាងការចរចា រវាងរុស្ស៊ី និងអ៊ុយក្រែន នាពេលបច្ចុប្បន្ន ជុំវិញសម្បទានទឹកដី និងកិច្ចព្រមព្រៀង ទីក្រុង Munich ឆ្នាំ១៩៣៨ ពោល គឺ នៅពេលដែលហ៊ីត្លែរ បានបង្ខំសម្បទានទឹកដី ពីសំណាក់មហាអំណាចអឺរ៉ុប មួយឆ្នាំ មុនមានសង្គ្រាម លោកលើកទីពីរ។

គួរបញ្ជាក់ថា ទីក្រុងកៀវ និង ទីក្រុងមូស្គូ នឹងបើកកិច្ចចរចា ដោយមានអាមេរិក ជាឈ្មួញកណ្តាល នៅសប្តាហ៍នេះ ហើយលោក Zelensky បាននិយាយ នាពេលនោះដែរថា អ៊ុយក្រែន កំពុងធ្វើអ្វីគ្រប់យ៉ាង ដើម្បីបញ្ចប់សង្រ្គាមនេះ។ ជាសង្គ្រាម ដែលបានអូសបន្លាយពេល មកដល់ ៤ឆ្នាំគត់ គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner