លោក Zelensky ថា នឹងបានកញ្ចប់ជំនួយថ្មី នៅថ្ងៃគម្រប់ខួប៤ឆ្នាំនៃសង្គ្រាម សប្តាហ៍ក្រោយ
កៀវ ៖ លោក Zelensky ប្រធានាធិបតី អ៊ុយក្រែន និយាយថា ក្រុមសម្ព័ន្ធមិត្តនឹងផ្តល់កញ្ចប់ជំនួយថ្មី នៅថ្ងៃទី២៤ ខែកុម្ភៈ ជាថ្ងៃគម្រប់ខួប៤ឆ្នាំ នៃ សង្រ្គាម ដែលគេជឿថា ជាការឈ្លានពានរបស់រុស្ស៉ី។
នៅលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យ លោក Volodymyr Zelensky បានបង្ហោះសារ រៀបរាប់ថា «នៅទីក្រុង Munich យើងបានឯកភាពគ្នា ជាមួយបណ្តាមេដឹកនាំនៃកិច្ចពិភាក្សា Berlin Format ស្តីពីកញ្ចប់ជំនួយជាក់លាក់ពាក់ព័ន្ធថាមពលនិងយោធា សម្រាប់អ៊ុយក្រែន នៅត្រឹមថ្ងៃទី២៤ ខែកុម្ភៈ»។
បើតាម CNA, ទីក្រុងកៀវកំពុងព្យាយាមប្រមែប្រមូលការគាំទ្របន្ថែមពីដៃគូ ស្របពេលដែលខ្លួនបន្តតស៊ូទប់ទល់ ការវាយលុករបស់រុស្ស៉ីនៅលើសមរភូមិ និងការវាយប្រហារតាមផ្លូវអាកាសមកលើប្រព័ន្ធថាមពល ហើយកំពុងតែស្ថិតក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក ដើម្បីចរចាស្វែងរកសន្តិភាព។
អំឡុងរយៈពេល១សប្តាហ៍ កន្លងមកនេះ, ការវាយប្រហាររបស់រុស្ស៉ី លើទីក្រុងធំៗ រួមមានទាំងរដ្ឋធានីកៀវ បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន រងការខូចខាតធ្ងន់ធ្ងរ ជាហេតុនាំឱ្យមនុស្សរាប់លាននាក់ គ្មានអគ្គិសនីប្រើប្រាស់ ក្រោមអាកាសធាតុដ៏ត្រជាក់។
បើតាមលោក Zelensky, រុស្ស៉ីបានប្រើប្រាស់ដ្រូន ប្រហែល១៣០០គ្រឿង, គ្រាប់បែក១២០០គ្រាប់ និងមីស៊ីបាលិស្ទីគ រាប់សិបគ្រាប់ វាយប្រហារទៅលើអ៊ុយក្រែន៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត
