នាវាចម្បាំងខ្នាតយក្សអាមេរិក ចូលកាន់តែកៀកទឹកដីអ៊ីរ៉ង់
បរទេស ៖ នាវាខ្នាតយក្សរបស់សហរដ្ឋអាមេរិក អមដោយក្បួនយន្តហោះចម្បាំង បានរំកិលខ្លួនចូលកាន់តែកៀក ខិតជិតទឹកដី ប្រទេសអ៊ីរ៉ង់។ នេះបើតាមរូបភាពផ្កាយរណប ដែលបានបង្ហាញឲ្យឃើញច្បាស់ កាលពីថ្ងៃអង្គារ។
បើតាម BBC, ក្បួនយោធាទាំងនេះ ត្រូវបានឃើញ ឈរជើងនៅទីតាំង ក្បែរឆ្នេរសមុទ្រអូម៉ង់ និង មានចម្ងាយប្រហែល ៧០០គីឡូម៉ែត្រ តែប៉ុណ្ណោះ ពីសាធារណរដ្ឋឥស្លាម មួយនេះ។ ការចល័តកម្លាំងនេះ កើតឡើង ខណៈដែលទីក្រុងវ៉ាស៊ីនតោន បន្តដាក់សម្ពាធលើអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរ និង ការបង្រ្កាបដ៏សាហាវ ទៅលើបាតុករ។
នេះគឺជាលើកដំបូងហើយ ដែលមានការបង្ហាញច្បាស់ៗ អំពីនាវាខ្នាតយក្ស USS Abraham Lincoln អមដោយនាវាពិឃាត ចំនួន ៣ គ្រឿង ប្រដាប់ដោយមីស៊ីល Tomahawk ចាប់តាំងពី វាបានទៅដល់តំបន់មជ្ឈិមបូព៌ា កាលពីចុងខែមុន។ នៅលើនាវាពិឃាត ទាំង៣គ្រឿង មានយន្តហោះ ចំនួន ៩០ គ្រឿង រួមទាំង យន្តហោះចម្បាំង F35 និង កងកម្លាំងយោធា ៥ពាន់៦៨០នាក់។ សហរដ្ឋអាមេរិក ក៏ត្រូវបានគេរាយការណ៍ថា កំពុងបញ្ជូននាវាចម្បាំង USS Gerald R Ford ដែលជានាវាចម្បាំងដ៏ធំបំផុត របស់ពិភពលោក ទៅកាន់មជ្ឈិមបូព៌ា ផងដែរ ដែលអាចទៅដល់ទីនោះ ក្នុងរយៈពេល ៣ សប្តាហ៍ខាងមុខ។
រូបភាពចុងក្រោយនេះ ត្រូវបានបង្ហាញ នៅចំថ្ងៃដែល កងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ IRGC បានចាប់ផ្តើមសមយុទ្ធដែនសមុទ្រ នៅច្រកសមុទ្រ Hormuz ដែលមានទីតាំង នៅឈូងសមុទ្ររវាងប្រទេសអូម៉ង់ និងអ៊ីរ៉ង់។
ភាពតានតឹងនេះ បានកើតឡើង ក៏ចំពេលដែល មន្ត្រីអាមេរិក និង អ៊ីរ៉ង់ ណាត់ជួបគ្នា នៅប្រទេសស្វីស ក្នុងថ្ងៃអង្គារ សម្រាប់ការចរចា ជុំទីពីរ។ អ៊ីរ៉ង់ និយាយថា កិច្ចប្រជុំនេះ ផ្តោតលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងការដកទណ្ឌកម្មសេដ្ឋកិច្ច ដែលមានសក្តានុពល របស់សហរដ្ឋអាមេរិក។ យ៉ាងណា ទីក្រុង វ៉ាស៊ីនតោន ធ្លាប់បានបញ្ជាក់ថា ខ្លួនចង់ពិភាក្សាបញ្ហាផ្សេងៗទៀត ផងដែរ៕
ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត

