អ្នកច្បាប់ថៃ ថាត្រូវការកិច្ចព្រមព្រៀងថ្មី ដើម្បីអាចលុបចោល MOU ២០០១ ជាមួយកម្ពុជា
ភ្នំពេញ៖ទីប្រឹក្សាច្បាប់របស់រដ្ឋាភិបាលថៃ បានឱ្យយោបល់ថា ដើម្បីលុបអនុស្សរណៈស្តីពីការយោគយល់ (MoU) ឆ្នាំ ២០០១ ជាមួយប្រទេសកម្ពុជា ប្រទេសថៃត្រូវការកិច្ចព្រមព្រៀងច្បាប់ថ្មីមួយ ហើយមិនអាចធ្វើដោយប្រញាប់ប្រញាល់នោះទេ។
លោក ផាកន និលប្រាពូន អគ្គលេខាធិការក្រុមប្រឹក្សារដ្ឋថៃ ដែលជាស្ថាប័នផ្តល់យោបល់ផ្នែកច្បាប់ បាននិយាយក្នុងកាសែត The Nation នៅថ្ងៃអង្គារ៍នេះថា លទ្ធភាពនៃការលុបចោល អនុស្សរណៈ ២០០១ ជាមួយកម្ពុជា អាចធ្វើទៅបាន ប៉ុន្តែ ទាមទារមានកិច្ចព្រមព្រៀងថ្មី និងការវាយតម្លៃក្រោមច្បាប់អន្តរជាតិ ជាមុនសិន។
លោកបន្តថាក្រសួងការបរទេសថៃកំពុងសិក្សាលើបញ្ហានេះ ដ្បិតការលុបចោល MoU ២០០១ ជាមួយកម្ពុជា មិនអាច ធ្វើបានភ្លាមៗ នោះទេ ពោលវាពាក់ព័ន្ធនឹងដំណើរការផ្លូវការ,លក្ខខណ្ឌនានា ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។
ឆ្លើយតបនឹងបញ្ហានេះ លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បាននិយាយនៅថ្ងៃអង្គារនេះថា ក្រសួងកំពុងសិក្សាជម្រើសក្នុងការលុបចោល MoU ២០០១ ជាមួយកម្ពុជា ប៉ុន្តែ ត្រូវមានការយល់ព្រមពីគណៈរដ្ឋមន្ត្រីថ្មី ដោយមានការពិភាក្សាបន្ថែម ដែលមានការចូលរួមពីនាយករដ្ឋមន្ត្រី និងក្រុមប្រឹក្សាសន្តិសុខជាតិ។
បើតាមលោក ស៊ីហាសាក់ អាជ្ញាធរកំពុងចងក្រងជម្រើសផ្លូវច្បាប់ រួមទាំងការពឹងផ្អែកលើក្របខ័ណ្ឌច្បាប់អន្តរជាតិ ដែល ស្រដៀងគ្នាទៅនឹងការចរចារបស់ប្រទេសថៃ ជាមួយម៉ាឡេស៊ី គឺគ្មានការប្រើប្រាស់ MoU នោះទេ។
MoU ៤៤ ឬ MoU ២០០១ ជាឯកសារផ្តោតលើការដោះស្រាយតំបន់មានជម្លោះតាមព្រំដែនសមុទ្ររវាងប្រទេសកម្ពុជា និងថៃ។ ឯកសារដែលមានអាយុកាល ២៥ឆ្នាំនេះ ត្រូវបានចុះហត្ថលេខាដោយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ និងសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ MoU ៤៤ ធ្វើឡើងមួយឆ្នាំក្រោយកម្ពុជា និងថៃ សម្រេចបាន MOU ៤៣ ដែលត្រូវបានប្រើក្នុងការដោះស្រាយបញ្ហាព្រំដែនគោកដែលមានការខ្វែងគំនិតគ្នារវាងភាគីកម្ពុជា និងថៃ។
គម្រោងការលុបចោល MoU ៤៤ ឬ MoU ២០០១ ជាមួយប្រទេសកម្ពុជានេះ ធ្វើឡើងតាមសំណើររបស់លោក អានុទីន ឆាន់វីរៈគុល ដែលទើបក្លាយជាក្បាលម៉ាស៊ីនថ្មីរបស់រដ្ឋាភិបាលថៃ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការសម្រេច លុប ចោល MoU ៤៤ ពីសំណាក់ភាគីថៃ អាចនឹងក្លាយជាដើមចមបង្កឱ្យមានជម្លោះកាន់តែរីករាលដាលធំជាងមុន ប្រសិនបើប្រទេសទាំងពីរមិនមានភាពអត់ធ្មត់ និងខ្វះការយោគយល់គ្នាខាងការទូត។
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា យន្តការនៃអនុស្សរណៈនេះ គឺជាស្ពានតែមួយគត់ដែលរក្សាស្ថិរភាព និងការចរចា ដោយសន្តិវិធីលើតំបន់ជម្លោះ៕










ដោយ៖ខន ណារី AMS