សម្តេចបវរធិបតីជូនពរខ្មែរម៉ូស្លីមទាំងក្នុង និងក្រៅប្រទេសក្នុងឱកាសនៃខែបួស រ៉ម៉ាឌន
តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្ញើសារអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូស្លីមនៅទូទាំងពិភពលោក ដែលនឹងចូលបួសខែរ៉ម៉ាឌន។

នៅប្រទេសកម្ពុជា ខែរ៉ម៉ាឌន ដែលជាខែពិសិដ្ឋក្នុងសាសនាឥស្លាម ហើយជាសសរស្តម្ភទី៤ ក្នុងសាសនាឥស្លាម នឹងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍ ទី១ ខែរ៉ម៉ាឌន ឆ្នាំ១៤៤៧ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។

សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានផ្ញើក្តីនឹករឭក និងការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេច ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា, ព្រមទាំងជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក។

សម្តេចធិបតិបានរំលឹកថា បងប្អូនខ្មែរឥស្លាមបានរួមរស់ជាមួយប្រជាជនកម្ពុជា ព្រមទាំងបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ជាពិសេស ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈសកម្មភាពមនុស្សធម៌ ក្នុងបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជានាពេលកន្លងមក។

ជាចុងក្រោយ សម្តេចបវរធិបតីបានបួងសួងសូមព្រះ អល់ឡោះ ប្រទានពរជ័យ សិរីសួស្តីដល់បងប្អូនមូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស ព្រមទាំងបងប្អូនមូស្លីមលើសាកលលោក សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល និងជោគជ័យក្នុងកិច្ចប្រតិបត្តិជំនឿសាសនាឥស្លាម អំឡុងខែបួសរ៉ម៉ាឌន ឆ្នាំ២០២៦ នេះ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា សម្រាប់បងប្អូនម៉ូស្លីម ខែរ៉ម៉ាឌន គឺជាពេលវេលាដែលត្រូវតមអាហារ និងទឹក ចាប់ពីពេលថ្ងៃរះ រហូតដល់ថ្ងៃលិច ជារៀងរាល់ថ្ងៃរយៈពេលមួយខែពេញ ហើយត្រូវខិតខំប្រឹងប្រែងប្រព្រឹត្តអំពើល្អឱ្យបានកាន់តែច្រើន ជាពិសេស គឺជួយដល់អ្នកក្រខ្សត់ខ្វះលទ្ធភាព៕

