កាណាដា គ្រោងចំណាយ ៥០០ ពាន់លានដុល្លារ ពង្រឹងវិស័យការពារជាតិ ឈប់ពឹងលើសហរដ្ឋអាមេរិក
អូតាវ៉ា ៖ ប្រទេសកាណាដា មានផែនការចំណាយលុយដល់ទៅ ៥០០ពាន់លានដុល្លារ ទិញគ្រឿងសព្វាវុធថ្មីៗបំពេញឃ្លាំង ក្នុងគោលបំណងពង្រឹងវិស័យការពារជាតិឱ្យកាន់តែរឹងមាំ និងកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក ។

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney និយាយថា មួយទសវត្សរ៍ទៀត កាណាដានឹងវិនិយោគដោយផ្ទាល់ចំនួន ១៨០ពាន់លានដុល្លារ លើការផ្គត់ផ្គង់វិស័យការពារជាតិ ។
លោកថា មិនត្រឹមតែប៉ុណ្ណោះ កាណាដាក៏គ្រោងនឹងចំណាយលុយដល់ទៅ ២៩០ពាន់លានដុល្លារទៀត ទៅលើហេដ្ឋារចនាសម្ព័ន្ធទាក់ទងសន្តិសុខការពារជាតិ និងបង្កើតអត្ថប្រយោជន៍សេដ្ឋកិច្ចបន្ថែមជាង ១២៥ពាន់លានដុល្លារ ។
បើតាមការលើកឡើងរបស់មេដឹកនាំកាណាដារូបនេះ យុទ្ធសាស្ត្រដែលផ្តោតសំខាន់នៅក្នុងស្រុកនេះ មានគោលដៅពង្រឹងការការពារដែនអធិបតេយ្យភាពរបស់ប្រទេសកាណាដា ។
បច្ចុប្បន្ន កាណាដាបានចាយលុយដល់ទៅ ៧០ភាគរយ នៃថវិកាសម្រាប់ផ្គត់ផ្គង់គ្រឿសព្វាវុធទៅលើផលិតផលរបស់សហរដ្ឋអាមេរិក ។ ប៉ុន្តែពេលនេះ អង្គភាពយុទ្ធសាស្ត្រការពារជាតិកាណាដាចង់ឱ្យក្រុមហ៊ុនក្នុងស្រុក ឈានដល់កម្រិត ៧០ភាគរយនោះ ជំនួសឱ្យការបញ្ជាទិញឧបករណ៍យោធាពីអាមេរិក ។
គួរបញ្ជាក់ថា ក្នុងខែមិថុនាឆ្នាំមុន កាណាដាបានសន្យាថា នឹងបង្កើនកញ្ចប់ថវិកាសម្រាប់កងកម្លាំងប្រដាប់អាវុធ និងឈានឱ្យដល់គោលដៅចំណាយលើវិស័យយោធា ២ភាគរយរបស់សម្ព័ន្ធយោធាណាតូនៅក្នុងឆ្នាំសារពើពន្ធ ២០២៥-២០២៦ ៕
ប្រភព ៖ Anadolu Agency ប្រែសម្រួល ៖ ឈឹម ទីណា
