វៀតណាម ចាយជាង ៣០ ពាន់លានដុល្លារទិញយន្តហោះ ៩០ គ្រឿងពី អាមេរិក
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួន ៣ នៅថ្ងៃព្រហស្បតិ៍នេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះរបស់ក្រុមហ៊ុនអាមេរិក Boeing ចំនួន ៩០ គ្រឿង ក្នុងតម្លៃជាង ៣០ ពាន់លានដុល្លារ ។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះទាំងនេះកើតមានឡើង ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រមុខបក្សកុម្មុយនិស្តវៀតណាម លោក To Lam ទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំ បើកសម្ពោធក្រុមប្រឹក្សាសន្តិភាព ដែលជាគំនិតផ្តួចផ្តើម របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ។
បើតាម CNA, ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានចុះហត្ថលេខាចាយលុយ ៨,១០០ លានដុល្លារ ដើម្បីទិញយន្តហោះធុនតូចរបស់ក្រុមហ៊ុន Boeing ប្រភេទ 737-8 ចំនួន ៥០ គ្រឿង ។
ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ក៏កំពុងចរចាទិញយន្តហោះ ដែលមានតួធំទូលាយជាងនេះ ចំនួន ៣០ គ្រឿងបន្ថែមទៀត ក្នុងតម្លៃ ១២ ពាន់លានដុល្លារ ដែលរំពឹងនឹងទទួលបានយន្តហោះទាំងនេះនៅចន្លោះឆ្នាំ ២០៣០ និងឆ្នាំ ២០៣២ ។
រីឯ ក្រុមហ៊ុនអាកាសចរណ៍ Sun PhuQuoc Airways ដែលទើបបង្កើតថ្មី របស់វៀតណាម ក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង តម្លៃ ២២.៥ ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន Boeing ដើម្បីទិញយន្តហោះ 787-9 Dreamliner ចំនួន ៤០ គ្រឿងដូចគ្នា ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Vietjet ក៏បានចុះកុងត្រាក្នុងតម្លៃជិត ១ ពាន់លានដុល្លារទិញយន្តហោះ Boeing 737-8 ចំនួន ៦ គ្រឿងផងដែរ ។
ប្រទេសវៀតណាមប្រកាសកាលពីដើមខែនេះថា ខ្លួនមានឆន្ទៈក្នុងការទិញទំនិញរបស់អាមេរិក បន្ថែមទៀត បន្ទាប់ពីសេតវិមានអះអាងកាលពីខែតុលា ឆ្នាំមុន ថា សហរដ្ឋអាមេរិកនឹងរក្សាពន្ធ លើទំនិញវៀតណាម ភាគច្រើន នៅត្រឹម ២០ ភាគរយ ក្រោយមានការដកពន្ធ លើផលិតផលមួយចំនួន ៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត