អ្នកជំនាញភូមិសាស្ត្រនយោបាយ៖ ការផ្ដល់បទសម្ភាសន៍របស់សម្ដេចធិបតីជាមួយសារព័ត៌មានអន្តរជាតិ គឺបង្ហាញទៅកាន់ពិភពលោកបានដឹងពីទង្វើអាក្រក់របស់ថៃឈ្លានពានដែនអធិបតេយ្យទឹកដីកម្ពុជា
ភ្នំពេញ៖ អ្នកជំនាញភូមិសាស្ត្រនយោបាយ បានលើកឡើងថា តាមរយៈការផ្ដល់បទសម្ភាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សារព័ត៌មានអង់គ្លេស Reuter និង Fox News របស់សហរដ្ឋអាម៉េរិក បានក្លាយជាសារយ៉ាងច្បាស់ទៅកាន់អន្តរជាតិឱ្យជួយធ្វើជាសាក្សីជុំវិញអំពើរំលោភបំពានរបស់យោធាថៃមកលើកម្ពុជា និងរំលេចពីការប្តេជ្ញាចិត្តប្រកាន់យកដំណោះស្រាយដោយសន្តិវិធីផ្អែកលើយន្តការការទូត និងច្បាប់អន្តរជាតិសំខាន់ៗជាមួយថៃ។ រាជរដ្ឋាភិបាលនៅតែបន្តជំរុញយ៉ាងសកម្ម និងស៊ីជម្រៅថែមទៀតនូវព័ត៌មានការទូតស្ដីពី«អំពើឈ្លានពានរបស់យោធាថៃមកលើកម្ពុជា» នៅលើឆាកអន្តរជាតិ ដើម្បីឱ្យសហគមន៍អន្តរជាតិឈរជាមួយសច្ចភាព យុត្តិធម៌ និងសន្តិភាព ដែលធ្វើឱ្យកម្ពុជា ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសរងគ្រោះពីការឈ្លានពានរបស់ប្រទេសថៃដោយអយុត្តិធម៌។

បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានអធិប្បាយថា ការផ្តល់បទសម្ភាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដល់សារព័ត៌មានអង់គ្លេស Reuter និង Fox News របស់សហរដ្ឋអាម៉េរិក គឺជាការបង្ហាញជំហរការទូតកម្រិតខ្ពស់បំផុតរបស់កម្ពុជា និងបង្ហាញថា កម្ពុជាគឺជារដ្ឋស្រលាញ់សន្តិភាព និងចង់បានការដោះស្រាយបញ្ហាផ្អែកលើច្បាប់អន្តរជាតិ។ បណ្ឌិត គិន ភា បានបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលបានលាតត្រដាងដ៏ច្បាស់លាស់បំផុតពីអំពើឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ពិសេសការរំលោភបំពានក្រោយបទឈប់បាញ់។ ចំណុចមួយចំនួនទៀតនៅក្នុងបទសម្ភាសន៍របស់សម្តេចធិបតី គឺជាការបង្ហាញពីសុឆន្ទៈរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធីឈរលើច្បាប់អន្តរជាតិ។ «យើងកំពុងតស៊ូមតិលើវេទិកាអន្តរជាតិដើម្បីទទួលបានឋានៈជាប្រទេសរងគ្រោះ និងថៃជា ប្រទេសឈ្លានពាន។ ហេតុអ្វីខ្ញុំនិយាយដូច្នេះ? យើងត្រូវទទួលស្គាល់ថា មកដល់ម៉ោងនេះ មិនទាន់មានប្រទេសណាមួយថ្លែងការណ៍ថ្កោលទោសថៃជាផ្លូវការថា ថៃឈ្លានពានយើងនៅឡើយទេ គេចាត់ទុកថា នោះជាជម្លោះព្រំដែន ឬការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធប៉ុណ្ណោះ។ មាគ៌ារបស់យើងឆ្ពោះទៅការទាមទារទឹកដីយើងត្រឡប់មកវិញ»។

ចំណែកលោក ថុង ម៉េងដាវីត អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ បានលើកឡើងថា សហគមន៍អន្តរជាតិ នៅតែបន្តចាត់ទុកការឈ្លានពានពីសំណាក់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា គឺជាការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធតាមព្រំដែនប៉ុណ្ណោះ ប៉ុន្ដែមិនទាន់មានប្រទេសណាមួយចេញលិខិតថ្កោលទោសទង្វើររបស់យោធាថៃនោះទេ។ ការផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិរបស់សម្ដេចធិបតីនៅសហរដ្ឋអាម៉េរិកនេះ គឺជាការទូងស្គរបន្លឺសំឡេងអយុត្តិធម៌បង្ហាញទៅកាន់ពិភពលោកជុំវិញអំពើក្រឡេចក្រឡុចរបស់ថៃ ដែលតែងតែប្រើប្រាស់កលល្បិចអាក្រក់ឈ្លានពានបូរណភាព និងអធិបតេយ្យទឹកដីកម្ពុជានៅតាមព្រំដែន។ អ្នកជំនាញភូមិសាស្រ្តនយោបាយបញ្ជាក់ថា៖ «ក្នុងស្មារតីទប់ទល់ជាមួយសត្រូវខាងក្រៅបែបនេះ ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយទាំងក្នុង និងក្រៅប្រទេស ត្រូវតែរួបរួមសាមគ្គីគ្នាជាមួយរាជរដ្ឋាភិបាល ខំប្រឹងប្រែងទូងស្គរបំពងសំឡេងអយុត្តិធម៌បន្លែមទៀត ដើម្បីបង្ហាញចរិតអាក្រក់ពិតប្រាកដរបស់ថៃ និងអំពើឈ្លានពានមកលើកម្ពុជា»។
គួររម្លឹកឱ្យដឹងថា សារព័ត៌មាន Fox News របស់សហរដ្ឋអាម៉េរិក បានចោទជាសំណួរទៅកាន់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រសិនបើវត្តមានរបស់យោធថៃនៅតែបន្តរុញច្រានចូលទៅក្នុងទឹកដីរបស់អ្នក តើកម្ពុជាមានគម្រោងឆ្លើយតបយ៉ាងដូចម្តេច? តើកាលៈទេសៈណាដែលបទឈប់បាញ់នឹងលែងមានប្រសិទ្ធភាព?
ជាការឆ្លើយតប សម្តេចធិបតីថ្លែងថា យើងមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពទាំងពីរចូលជាធរមាន ប៉ុន្ដែកងទ័ពថៃនៅបន្តសកម្មភាពរបស់ខ្លួនដាក់ពង្រាយទូកុងតឺន័រ និងរាយបន្លាលួសចូលជ្រៅក្នុងទឹកដីកម្ពុជា។ នេះជាមូលហេតុដែលយើងនិយាយថា ការកាន់កាប់ទីតាំង គឺហួសពីការទាមទារជាឯកតោភាគីរបស់ប្រទេសថៃ។ សម្ដេចបន្តថា តំបន់ទាំងនោះ គឺជាកម្មសិទ្ធិរបស់កម្ពុជា ដែលឥឡូវនេះពលរដ្ឋកម្ពុជាជាច្រើនគ្រួសារ មិនអាចវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញបានទេ។ ទង្វើរបស់យោធាថៃទាំងអស់នេះ ត្រូវបានអនុវត្តខុសពីសេចក្តីថ្លែងការណ៍រួម ដែលយើងមានរវាងប្រទេសទាំងពីរ ដែលត្រូវអនុញ្ញាតឱ្យជនស៊ីវិលទាំងអស់ត្រឡប់មកផ្ទះពួកគេវិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំហររបស់យើងតែងតែប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី ការសន្ទនាដោយសន្តិវិធី ព្រោះយើងមិនជឿថា ការប្រើប្រាស់សង្គ្រាម ដើម្បីបញ្ឈប់សង្គ្រាម គឺគ្មាននិរន្តរភាព ឬជាក់ស្តែងនោះទេ។ នេះជាមូលហេតុដែលយើងបានស្នើឱ្យប្រទេសថៃគោរពកិច្ចព្រមព្រៀង ដែលមានលោកប្រធានាធិបតី ត្រាំ និងប្រធានអាស៊ាន គឺលោកនាយករដ្ឋមន្ត្រី អានវ៉ា បានធ្វើជាសាក្សី ដែលបានកំណត់លក្ខខណ្ឌច្បាស់លាស់មួយ ដើម្បីដោះស្រាយបញ្ហានេះ ពីព្រោះជម្លោះរវាងប្រទេសថៃ មូលហេតុចម្បងគឺជម្លោះទឹកដី។ លោកប្រធានាធិបតី ត្រាំ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួល និងធានាឱ្យមានបទឈប់បាញ់តាំងតែពីលើកដំបូងរវាងប្រទេសកម្ពុជា និងប្រទេសថៃ៕
ដោយ៖ពលជ័យ