លោក ត្រាំ បញ្ជូននាវាមន្ទីរពេទ្យ ទៅហ្គ្រីនលែន

វ៉ាស៊ីនតោន ៖ លោក Donald Trump បានអះអាង កាលពីថ្ងៃសៅរ៍ថា លោកកំពុងបញ្ជូនាវាមន្ទីរពេទ្យអាមេរិក ទៅកាន់តំបន់ Greenland ដែលជាដែនដីស្វយ័ត របស់ដាណឺម៉ាក និង ជាកោះ ដែលលោកចង់បាន យកមកគ្រប់គ្រងជាយូរមកហើយ រហូតដល់គំរាមប្រើកម្លាំងទៀតផង។

ការបង្ហោះ នៅលើវេទិកាសង្គម Truth Social មានលេចចេញ រូបភាព AI ជាក់ស្តែង ដែលពណ៌នា អំពីនាវាមន្ទីរពេទ្យ USNS Mercy ប្រវែង ២៧២ម៉ែត្រ ដែលជាធម្មតា ឈរជើង នៅភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា ហើយ កំពុងធ្វើដំណើរឆ្ពោះ ទៅកាន់ភ្នំ ដែលមានព្រិលធ្លាក់ពីលើ។

លោកប្រធានាធិបតីអាមេរិក បានរៀបរាប់ តាមរយៈបណ្តាញសង្គមថា «នាវានេះ នឹងព្យាបាលមនុស្ស “ឈឺ” ជាច្រើននាក់ នៅហ្គ្រីនលែន ដោយមិនផ្តល់ព័ត៌មានលម្អិតណាមួយថា លោកកំពុងសំដៅទៅលើអ្នកណា ឬ ចំនួនមនុស្ស ដែលនាវានឹងត្រូវជួយនោះទេ ដោយគ្រាន់តែ បញ្ជាក់ថា នាវាអស្ចារ្យនេះ បញ្ជូនទៅ ដើម្បីមើលថែមនុស្សជាច្រើននាក់ ដែលកំពុងឈឺ ហើយ មិនត្រូវបានគេយកចិត្តទុកដាក់ នៅទីនោះ។

កន្លងមក វោហាសាស្ត្ររបស់លោក Trump ជុំវិញការទាមទារគ្រប់គ្រង បានបង្កើនភាពតានតឹង រវាងសហរដ្ឋអាមេរិក និងដាណឺម៉ាក ខណៈពេលដែលមានការចាប់អារម្មណ៍ជាសកល ទៅលើតំបន់អាក់ទិកមួយនេះ ខណៈដែលលោក បានទទូចថា Greenland សម្បូររ៉ែ មានសារៈសំខាន់ សម្រាប់សន្តិសុខសហរដ្ឋអាមេរិក និង អង្គការណាតូ ប្រឆាំងនឹងប្រទេសរុស្ស៊ី និងប្រទេសចិន៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner