លោក ពូទីន ថា អភិវឌ្ឍន៍កម្លាំងនុយក្លេអ៊ែររុស្ស៊ី ជាអាទិភាពដាច់ខាត ក្នុងពេលនេះ

មូស្គូ ៖ លោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និយាយថា ការអភិវឌ្ឍកម្លាំងនុយក្លេអ៊ែរ របស់ប្រទេសរុស្ស៊ី ឥឡូវនេះ គឺជារឿងអាទិភាពដាច់ខាត។

ការគូសបញ្ជាក់ របស់មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានធ្វើឡើង កាលពីថ្ងៃអាទិត្យ ហើយជាការលើកឡើង បន្ទាប់ពីផុតសុពលភាព នៃ សន្ធិសញ្ញានុយក្លេអ៊ែរ ដែលនៅសល់ចុងក្រោយរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក។

នៅក្នុងការថ្លែងសារ ជាវីដេអូ អបអរ «ទិវាអ្នកការពារមាតុភូមិ», លោក ពូទីន បាននិយាយបន្ថែម ដោយប្តេជ្ញាថា នឹងបន្តពង្រឹងកងទ័ពជើងគោក និងជើងទឹក ព្រមទាំង ទាញយកបទពិសោធន៍យោធា ពីជម្លោះ ជិត៤ឆ្នាំ នៅអ៊ុយក្រែន។

ការកត់សម្គាល់ របស់លោកពូទីន បានធ្វើឡើង នៅត្រឹមតែ ពីរថ្ងៃ មុនដល់ខួបលើកទី៤ នៃការវាយលុករបស់រុស្ស៊ី លើអ៊ុយក្រែន ដែលបានបង្កឱ្យមានសង្រ្គាម មកដល់បច្ចុប្បន្ន។

ទីក្រុង មូស្គូ និង ទីក្រុង វ៉ាស៊ីនតោន ដែលជាមហាអំណាចនុយក្លេអ៊ែរ សំខាន់ពីរ របស់ពិភពលោក មិនត្រូវបានចងភ្ជាប់ ដោយកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធប្រភេទនេះ ទៀតទេ ចាប់តាំងពីកិច្ចព្រមព្រៀង New START បានផុតកំណត់ នៅដើមខែនេះ។

ប៉ុន្តែ រុស្ស៊ី ធ្លាប់និយាយថា ខ្លួននឹងបន្តប្រកាន់យកនូវវិធី ទទួលខុសត្រូវ ចំពោះសមត្ថភាពនុយក្លេអ៊ែរ ជាយុទ្ធសាស្ត្រ និង គោរពដែនកំណត់ដែលកំណត់ លើឃ្លាំងអាវុធ របស់ខ្លួន៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner