រុស្ស៊ី ព្រមាន កូរ៉េខាងត្បូង រឿងផ្តល់ជំនួយទិញអាវុធដល់ អ៊ុយក្រែន
មូស្គូ ៖ រុស្ស៊ីបានចេញមុខព្រមានធ្ងន់ៗដល់កូរ៉េខាងត្បូង ដែលចូលរួមគំនិតផ្តួចផ្តើម “PURL” របស់អង្គការ NATO ដែលមានគោលបំណងកៀរគរលុយទិញអាវុធផ្គត់ផ្គង់ដល់អ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃសៅរ៍ថា ការសម្រេចចិត្តបែបនេះ នឹងបង្កការខូចខាត ដែលមិនអាចជួសជុលបាន ចំពោះទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងត្បូង ដោយលោកស្រីព្រមានថា ទីក្រុងមូស្គូ នឹងត្រូវបង្ខំឱ្យអនុវត្តសិទ្ធិសងសឹកវិញ។
ប៉ុន្តែរុស្ស៊ីសង្ឃឹមថា កូរ៉េខាងត្បូងនឹងមិនចូលរួមផែនការបូមគ្រាប់រំសេវ និងអាវុធជួយអ៊ុយក្រែនរបស់លោកខាងលិច ដើម្បីស្តារទំនាក់ទំនងរុស្ស៉ី-កូរ៉េខាងត្បូងឡើងវិញនាពេលអនាគត។
ការព្រមានរបស់រុស្ស៊ី ធ្វើឡើងក្រោយកាសែត The Korea Times បានទម្លាយថា អង្គការ NATO បានទាក់ទងទៅអាជ្ញាធរកូរ៉េខាងត្បូង ជាមួយនឹងសំណើសុំឲ្យចូលរួមក្នុងគំនិតផ្តួចផ្តើម PURL។
អង្គការណាតូ បានចាប់ផ្តើមកម្មវិធី PURL កាលពីរដូវក្តៅឆ្នាំមុន ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក ទាក់ទងនឹងការផ្គត់ផ្គង់អាវុធដោយសេរីដល់អ៊ុយក្រែន។
យន្តការរបស់កម្មវិធីនេះ គឺថា ទីក្រុងកៀវបានលើកឡើងនូវសំណើគ្រឿងសព្វាវុធ ហើយសមាជិកណាតូនឹងផ្តល់ហិរញ្ញប្បទានដល់ការទិញអាវុធរបស់ពួកគេពីសហរដ្ឋអាមេរិកយកទៅផ្គត់ផ្គង់ដល់អ៊ុយក្រែន៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា