វីតាល់ សហការជាមួយកាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយទិវាជាតិសុខភាពមាតា ទារក និងកុមារ

ភ្នំពេញ៖ វីតាល់ បានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ កាកបាទក្រហមកម្ពុជា ផ្ដួចផ្ដើមរៀបចំកម្មវិធីសំណេះសំណាល និងសួរសុខទុក្ខស្ត្រីមានផ្ទៃពោះ និងសម្រាលកូន ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារក មានសុខភាពល្អ» នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមន្ទីរពេទ្យកុមារជាតិ ដោយមានបុគ្គលិកនៃស្ថាប័នទាំង ៣ ក្រុមគ្រូពេទ្យ-ឆ្មប ស្ត្រីពពោះ អាណាព្យាបាល ចូលរួមប្រមាណជាង ៣០០នាក់។

កម្មវិធីនេះទទួលបានការចូលរួមក្រោមអធិបតីភាពរបស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ; លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់); ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ ព្រមទាំងឯកឧត្តម លោកជំទាវ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ លោក លោកស្រី ថ្នាក់ដឹកនាំក្រុមហ៊ុន វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក ឆ្មប នៃមន្ទីរពេទ្យកុមារជាតិ និងស្ត្រីពពោះ អាណាព្យាបាលក្រុមគ្រួសារជាច្រើនរូប។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងការថែទាំសុខភាពមាតា និងទារក ព្រមទាំងបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន ក្នុងការគាំទ្រដល់សុខុមាលភាពស្ត្រី ទារក និងកុមារ នៅកម្ពុជា តាមរយៈមូលនិធិ ២៥រៀល របស់វីតាល់។

លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរៀបចំ អនុវត្តន៍ការងាររបស់មន្ទីរពេទ្យកុមារជាតិ ដែលបានផ្ដល់ជូននូវសេវាពិនិត្យសុខភាពជាប្រចាំ និងសេវាផ្តល់កំណើតជូនស្ត្រី រួមជាមួយសេវាតំហែទាំសុខភាពមាតា ទារក បន្ទាប់ពីសម្រាលរួច និងកុមារប្រកបដោយប្រសិទ្ធិភាព ស្មារតីទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈ។

លោកជំទាវបន្តលើកទឹកចិត្តឱ្យអ្នកម្តាយគ្រប់រូប ទទួលទានចំណីអាហារដែលមានសារធាតុចិញ្ចឹមប្រកបដោយអនាម័យខ្ពស់ និងពិសាទឹកដែលមានគុណភាពខ្ពស់ដូចជាវីតាល់ ឱ្យបានគ្រប់គ្រាន់ជាប្រចាំ ដើម្បីទ្រទ្រង់ជីវិត និងការលូតលាស់របស់ទារកឱ្យបានល្អប្រសើរ ព្រោះសុខភាពរបស់ទារក-កុមារ គឺជាទ្រព្យធនយុទ្ធសាស្ត្រ ដែលអនាគតនៃប្រទេសជាតិពឹងផ្អែកលើ ដូចនេះយើងទាំងអស់គ្នាត្រូវតែរួមគ្នា ថែទាំពួកគាត់ឱ្យបានល្អ ជាទីបំផុត។

លោកជំទាវបានបន្ថែមថា ការវិនិយោគធនធាន និងការខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សេវាថែទាំសុខភាពរបស់ រាជរដ្ឋាភិបាល ព្រមទាំងការចូលរួមពីវិស័យឯកជន អង្គការសង្គមស៊ីវិល និងមាតាបិតាផ្ទាល់ នឹងរួមចំណែកធ្វើឱ្យប្រព័ន្ធថែទាំសុខភាពកាន់តែមានលក្ខណៈបរិយាប័ន្ន និងភាពធន់។ ជាមួយគ្នានេះតាមរយៈមូលនិធិ២៥រៀល វីតាល់បានតាំងចិត្ត ក្នុងការបន្តគាំទ្រ និងបង្កើតឱ្យមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមក្នុងកិច្ចការងារសង្គមឱ្យកាន់តែទូលំទូលាយ ពិសេសលើសុខុមាលភាពសង្គម ដែលមាន សុខភាពមាតា ទារក និងកុមារ។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ភ្ជាប់មកនូវសារអំពាវនាវថា ទោះក្នុងកាលៈទេសៈណាក៏ដោយសូមពង្រឹងការប្តេជ្ញាចិត្ត និងធ្វើសកម្មភាពរួមគ្នា ក្នុងការលើកកម្ពស់ការយល់ដឹងដល់ការថែទាំមុនសម្រាល និងការពិនិត្យសុខភាពទាំងម្តាយ និងកូនក្នុងផ្ទៃជាប្រចាំ ដែលជាអន្តរាគមន៍ធានាសុវត្ថិភាពទាំងម្តាយនិងកូន ថែមទាំងចូលរួមផ្តល់ការគាំទ្រអាហារូបត្ថម្ភ លើកកម្ពស់សុខភាពផ្លូវចិត្ត និងរៀបចំគ្រួសារសម្រាប់ការសម្រាលកូនដោយសុវត្ថិភាព។

ជាមួយគ្នានេះ លោកជំទាវ បានថ្លែងអំណរគុណចំពោះមន្ទីរពេទ្យកុមារជាតិ ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅក្នុងការរៀបចំពិធី និងជួយសម្របសម្រួលផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ យ៉ាងសកម្ម ហើយជាពិសេសថ្លែងនូវការកោតសរសើរ និងអំណរគុណចំពោះលោកជំទាវនាយិកាប្រតិបត្តិក្រុមហ៊ុនវ័ន ម៉រ គ្រុប(វីតាល់) ដែលបានរួមចំណែកជានិច្ចកាលជាដៃគូយុទ្ធសាស្ត្រនៃទិវាជាតិសុខភាព មាតា ទារក និងកុមារ ជាមួយកាកបាទក្រហមកម្ពុជា ក្នុងការរៀបចំកម្មវិធីសំណេះសំណាល សួរសុខទុក្ខ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ជារៀងរាល់ឆ្នាំកន្លងមកនេះផងដែរ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner