ឥណ្ឌា ចេញមុខ ថ្កោលទោសការវាយប្រហាររបស់ប៉ាគីស្ថាន លើអាហ្វហ្គានីស្ថាន
ញូវ ដែល្លី ៖ ប្រទេស ឥណ្ឌា បានចេញមុខ ថ្កោលទោសប៉ាគីស្ថាន ចំពោះការវាយប្រហារតាមអាកាស ទៅលើអាហ្វហ្គានីស្ថាន សម្លាប់មនុស្ស យ៉ាងហោចណាស់ ១៨នាក់ និង បានធ្វើឱ្យមនុស្សជាច្រើននាក់ទៀត រងរបួស។
ការវាយប្រហារ ដែលទីក្រុង អ៊ីស្លាម៉ាបាដ ថ្លែងការពារថា ជា “ការឆ្លើយតប” ចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាត នាពេលថ្មីៗនេះ បានកើតឡើង កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ នៅក្នុងខេត្ត នាភាគខាងកើត អាហ្វហ្គានីស្ថាន។
ភ្លាមៗ ក្រោយកើតហេតុ, លោក Randhir Jaiswal អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បានប្រកាស នៅថ្ងៃវាយប្រហារ ថា «ឥណ្ឌា ថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាស របស់ប៉ាគីស្ថាន លើទឹកដីអាហ្វហ្គានីស្ថាន ដែលបានបណ្តាលឱ្យមានជនស៊ីវិល បាត់បង់ជីវិត រួមទាំង ស្ត្រី និង កុមារ ក្នុងអំឡុងខែដ៏ពិសិដ្ឋ នៃបុណ្យរ៉ាម៉ាដាន»។
បើតាម RT,
រដ្ឋជិតខាងទាំងពីរនឹងគ្នា ធ្លាប់បានប៉ះទង្គិចគ្នា កាលពីខែតុលា ឆ្នាំមុន ផងដែរ ដោយបានសម្លាប់មនុស្ស រាប់សិបនាក់ ហើយពេលនោះ ត្រូវបានចាត់ទុកថា ជាអំពើហិង្សាដ៏អាក្រក់បំផុត មិនធ្លាប់មាន ចាប់តាំងពីពួក តាលីបង់ បានចូលទៅកាន់អំណាច គ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០២១។
ប៉ាគីស្ថាន បានចោទប្រកាន់ អាហ្វហ្គានីស្ថាន ថា បានផ្តល់ជម្រកដល់ក្រុមយុទ្ធជនប្រដាប់អាវុធ TTP ប៉ុន្តែ រដ្ឋាភិបាល តាលីបង់ តែងតែប្រកាសច្រានចោល ជុំវិញការចោទប្រកាន់នេះ៕
ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត