លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សរសើរអ្នកចូលរួមបេសកកម្មជួយពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលីនៅព្រំដែនកម្ពុជា-ថៃ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សរសើរអ្នកចូលរួមបេសកកម្មជួយពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលីនៅព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរដល់មន្ត្រី អ្នកស្ម័គ្រចិត្ត និងយុវជននៃសាខាកាកបាទក្រហមកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ការលំបាកក្នុងការបំពេញបេសកកម្មមនុស្សធម៌ជួយប្រជាពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលី ។

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឆ្នាំ២០២៦កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃសាខាកាកបាទក្រហមកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានដូចជា ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប និងក្រុមប្រតិបត្តិនៅថ្នាក់កណ្តាល ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ការលំបាកក្នុងការបំពេញបេសកកម្មមនុស្សធម៌ជួយប្រជាពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលី រួមជាមួយការអនុវត្តផែនការក្រៅអាទិភាពជួយផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាលកសាងសមត្ថភាព អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ក្នុងតំបន់ប្រឈមខ្ពស់ និងតាមមណ្ឌលសុវត្ថិភាព។
លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះសាខានៃបណ្តាខេត្តផ្សេងៗទៀត ដែលបានកៀរគរមូលនិធិ គ្រឿងឧបភោគបរិភោគ ដើម្បីជួយសម្រាលការលំបាកជីវភាពប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ព ក្នុងបូរណដែនខេត្តរបស់ខ្លួនផងដែរ។

លោកជំទាវបណ្ឌិត ក៏បានកត់សម្គាល់ឃើញថា ថ្វីត្បិតតែក្នុងឆ្នាំ២០២៥កន្លងទៅ យើងជួបប្រទះនូវជម្លោះតាមព្រំដែនក៏ពិតមែន ក៏ប៉ុន្តែសកម្មភាពមនុស្សធម៌កាន់តែផុសផុលឡើង ដែលបង្ហាញយ៉ាងច្បាស់ថា ខ្មែរយើងមានស្មារតីសាមគ្គីជាតិខ្មែរតែមួយ ដ៏រឹងមាំប្រកបដោយឆន្ទៈ និងមនសិកាខ្ពស់ ក្នុងនោះយុវជនកាកបាទក្រហមកម្ពុជា បានចូលរួមយ៉ាងសស្រាក់សស្រាំ ជួយវេចខ្ចប់ គ្រឿងឧបភោគបរិភោគ ចំណាយថវិកាផ្ទាល់ខ្លួន ជាពិសេសគឺកម្លាំងចិត្ត ដែលជាខឿនការពារជាតិដ៏រឹងមាំ ក្នុងការចូលរួមចំណែកការពារបូរណភាពទឹកដី ក៏ដូចជាជួយសម្រាលការលំបាករបស់គ្រួសារភៀសសឹក គ្រួសារវីរកងទ័ព វីរយុទ្ធជនរបួស និងពលី តាមវប្បធម៌ ប្រពៃណីខ្មែរ “ជួយគ្នា ក្នុងគ្រាក្រ”។

លោកជំទាវបណ្ឌិត ក៏បានផ្តល់នូវទស្សនៈវិស័យ និងអនុសាសន៍លើទិសដៅការងារបន្ត ដែលចាំបាច់ណាស់ត្រូវមានការចូលរួមគាំទ្រពីគណៈកម្មាធិការសាខា និងគណៈកិត្តិយសក្លឹប គណៈគ្រប់គ្រងតាមគ្រឹះស្ថានសិក្សា លើកិច្ចការសំខាន់ៗ សម្រាប់ការងារយុវជនកាកបាទក្រហមកម្ពុជា ដោយផ្តោតលើ៖ ១. សូមបន្តពង្រឹងគុណភាព និងស្តង់ដាក្លឹបយុវជន, ២. លើកកម្ពស់ភាពជាអ្នកដឹកនាំ និងជំនាញសតវត្សទី២១, ៣. ពង្រីក និងធានានិរន្តភាពសកម្មភាព “មិត្ត-ជួយ-មិត្ត” និង “មិត្ត-អប់រំ-មិត្ត”, ៤. បន្ត និងបង្កើនការប្រើប្រាស់ប្រព័ន្ធឌីជីថល, ៥. បង្កើនការលើកទឹកចិត្ត និងការទទួលស្គាល់ស្នាដៃការងារយុវជនស្ម័គ្រចិត្ត, និង៦. ត្រូវពង្រឹងការអនុវត្តអនុស្សរណៈយោគយល់រវាងកាកបាទក្រហមកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដោយអនុវត្តឱ្យបានទៀងទាត់។
ទន្ទឹមនេះ លោកជំទាវបណ្ឌិត ក៏បានអំពាវនាវចំពោះ ឯកឧត្តម លោកជំទាវ ដែលជាប្រធានគណៈកម្មាធិការសាខា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា សូមបន្តការជួយជំរុញ និងលើកទឹកចិត្តដល់ក្រុមប្រតិបត្តិគ្រប់លំដាប់ថ្នាក់ ទីប្រឹក្សា និងក្លឹបយុវជនក្នុងការអភិវឌ្ឍកម្លាំងយុវជននៅតាមគ្រឹះស្ថានសិក្សា អ្នកស្ម័គ្រចិត្តនៅភូមិ/ឃុំ/សង្កាត់ ដើម្បីជម្នះរាល់ការលំបាក ក្នុងការកសាងបានភាពធន់ ដើម្បីធានាបានការអភិវឌ្ឍប្រកបដោយចីរភាព ៕






ដោយ៖ វណ្ណលុក