លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ធ្វើទស្សនកិច្ចកម្មវិធីផ្តល់អាហារតាមសាលារៀន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញទៅធ្វើទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង ស្ថិតនៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ក្នុងឱកាសនោះ ជំទាវបណ្ឌិតបានផ្តល់កិត្តិយសរៀបចំអាហារសម្រាប់សិស្សានុសិស្ស, ជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ចុងភៅ អ្នកផ្គត់ផ្គង់ស្បៀង អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រឹងកិច្ចសហការរវាងស្ថាប័នជាតិ អាជ្ញាធរមូលដ្ឋាន និង ដៃគូអភិវឌ្ឍ។

លោកជំទាវបណ្ឌិតបានមានប្រសាសន៍ថា ការផ្តល់អាហារតាមសាលារៀននេះ គឺជាកម្មវិធីជំនួយសង្គមមួយដែលមិនត្រឹមតែផ្តល់អាហារដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែជាកម្មវិធីពហុវិស័យ ផ្សារភ្ជាប់គ្នារវាងការអប់រំ សុខភាព អាហារូបត្ថម្ភ កសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ផងដែរ។

ក្នុងន័យនេះ លោកជំទាវបណ្ឌិត បានលើកទឹកចិត្តការដាំដុះបន្លែជុំវិញសាលារៀន និងការប្រើប្រាស់ផលិតផលក្នុងសហគមន៍ ដើម្បីគាំទ្រជីវភាពកសិករ លើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន និងបណ្តុះស្មារតីពង្រឹងសហគមន៍ឱ្យពឹងផ្អែកលើខ្លួនឯង។

ម៉្យាងទៀត ការដាំបន្លែក្នុងសាលារៀន និងការប្រើប្រាស់ផលិតផលក្នុងសហគមន៍ ក៏ចូលរួមបង្កើនបំណិនជីវិតសម្រាប់សិស្សានុសិស្ស ពង្រឹងសុវត្ថិភាពស្បៀង ភាពធន់សម្រាប់គ្រួសារ និងសហគមន៍ផងដែរ។

ចំណែកឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ពីតួនាទីសំខាន់នៃកាអនុវត្ដកម្មវិធីផ្តល់អាហារតាមសាលារៀន ដែលចូលរួមកាត់បន្ថយគម្លាតសិក្សា រវាងសិស្សនៅទីប្រជុំជន និងជនបទ ព្រមទាំងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង។

កម្មវិធីផ្តល់អាហារតាមសាលារៀន ត្រូវបានអនុវត្តនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៩មក ដោយមានការគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្នុងគោលបំណងលើកកម្ពស់អាហារូបត្ថម្ភកុមារ កាត់បន្ថយអត្រាបោះបង់ការសិក្សា និងបង្កើនការចូលរៀននៅតំបន់ជនបទ តំបន់មានអត្រាភាពក្រីក្រខ្ពស់ និងងាយរងគ្រោះខ្លាំង។

គិតត្រឹមឆ្នាំ២០២៥ កម្មវិធីនេះបានគ្របដណ្តប់សាលាបឋមសិក្សាគោលដៅជាង ១ ០០០ សាលា ក្នុងខេត្តចំនួន ១០ ដែលមានសិស្សទទួលផលប្រមាណ ៣០ម៉ឺននាក់៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner