រុស្ស៊ី គំរាមឆ្លើយតប បើ ណាតូ បញ្ជូនអាវុធនុយក្លេអ៊ែរឲ្យ អ៊ុយក្រែន

មូស្គូ ៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមានធ្ងន់ៗថា ទីក្រុងមូស្គូ នឹងបើកការឆ្លើយតបដោយអាវុធនុយក្លេអ៊ែរទៅវិញ ប្រសិនបើប្រទេសសមាជិកអង្គការណាតូ ហ៊ានផ្គត់ផ្គង់អាវុធប្រល័យលោកទៅឱ្យអ៊ុយក្រែន ។

ការគំរាមរបស់លោក Medvedev ធ្វើឡើង ក្រោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី ហៅកាត់ SVR រាយការណ៍ថា ចក្រភពអង់គ្លេស និងបារាំង កំពុងពិចារណាលួចលាក់រៀបចំផ្គត់ផ្គង់ធាតុផ្សំ និងបច្ចេកវិទ្យាអាវុធនុយក្លេអ៊ែរឱ្យអ៊ុយក្រែន ។

បើតាមទីភ្នាក់ងារ SVR, មន្រ្តីទីក្រុងឡុងដ៍ និងប៉ារីស កំពុងពិចារណាយ៉ាងដិតដល់ ក្នុងការបញ្ជូនវត្ថុធាតុនុយក្លេអ៊ែរធម្មតា និងក្បាលគ្រាប់នុយក្លេអ៊ែររបស់បារាំងប្រភេទ TN 75 ទៅឱ្យអ៊ុយក្រែន ។

TN 75 គឺជាក្បាលគ្រាប់នុយក្លេអ៊ែរ ប្រើជាមួយនាវាមុជទឹកបាញ់មីស៊ីលផ្លោង និងជាសមាសធាតុបង្កើតគ្រាប់បែកវិទ្យុសកម្ម ។

ឆ្លើយតបរបាយការណ៍នេះ លោក Medvedev ដែលបច្ចុប្បន្នកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី ព្រមានថា ចេតនារបស់ចក្រភពអង់គ្លេស និងបារាំង ដែលចង់ប្រគល់អាវុធនុយក្លេអ៊ែរ ទៅឱ្យអ៊ុយក្រែន នឹងផ្លាស់ប្តូរស្ថានភាពជម្លោះទាំងស្រុង ។

លោកថា នេះជាការផ្ទេរអាវុធនុយក្លេអ៊ែរដោយផ្ទាល់ទៅកាន់ប្រទេសដែលកំពុងមានសង្គ្រាម ។ ក្នុងសេណារីយ៉ូបែបនេះ ទីក្រុងមូស្គូ នឹងត្រូវបង្ខំឱ្យឆ្លើយតបគ្រប់មធ្យោបាយ រួមទាំងអាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងគោលដៅនៅអ៊ុយក្រែន ដែលគំរាមកំហែងដល់រុស្ស៊ី ។

អតីតប្រធានាធិបតីវ័យ ៦១ ឆ្នាំរូបនេះ ក៏បានព្រមានផងដែរថា ប្រសិនបើចាំបាច់ រុស្ស៊ីអាចនឹងត្រូវបង្ខំចិត្តប្រឆាំងតបតជាមួយប្រទេសអ្នកផ្គត់ផ្គង់អាវុធនុយក្លេអ៊ែរដល់អ៊ុយក្រែន ។ លោកថា ការសម្រេចចិត្តបែបនេះ គឺជាការឆ្លើយតបស៊ីមេទ្រី ដែលទីក្រុងមូស្គូនឹងធ្វើ ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner