កម្ពុជាអាចមានភ្លៀងកក់ខែនៅទូទាំងប្រទេស រយៈពេលពេញមួយសប្តាហ៍
អត្ថបទដោយ៖
សៅ សុខអេង
ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករថា ចាប់ពីថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ កម្ពុជានឹងមានភ្លៀងកក់ខែធ្លាក់លាយឡំជាមួយបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់។
ក្នុងសេចក្តីជូនដំណឹងមួយនៅថ្ងៃទី២៥ ខែ ក្រសួងធនធានទឹក បញ្ជាក់ថា ភ្លៀងកក់ខែនឹងគ្របដណ្តប់លើផ្ទៃដីចន្លោះពី ៣០ភាគរយ ទៅ៤០ភាគរយ ក្នុងរាជធានី ខេត្តទាំង ២៥។ ដោយឡែកសម្រាប់តំបន់សមុទ្រ រលកអាចមានកម្ពស់ពី ០,២៥ម៉ែត្រ ទៅ ១ម៉ែត្រ។
បើតាមក្រសួងធនធានទឹក ស្ថានភាពនេះកើតឡើងខណៈសម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជា។
ក្រសួងដដែលក៏បានណែនាំឱ្យសាធារណជនប្រុងប្រយ័ត្នឱ្យបានខ្ពស់ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។ ជាមួយគ្នានេះ ផលដំណាំមួយចំនួនអាចនឹងរងផលប៉ះពាល់ផងដែរ៕

ដោយ៖សៅ សុខអេង