សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យក្នុងបទល្មើឆបោកអនឡាញ

កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន២១នាក់ពាក់ព័ន្ធនឹងការឆបោកអនឡាញ នៅក្នុងប្រតិបត្តិការបង្រ្កាបនៅទីតាំងអគារមួយ នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើយោងតាមការបញ្ជាក់របស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

មនុស្សទាំង២១នាក់ ដែលត្រូវបានឃាត់ខ្លួននេះ មានជនជាតិចិនចំនួន១៦នាក់ ឥណ្ឌា ១នាក់ ប៉ាគីស្ថាន ២នាក់ និងនេប៉ាល់២នាក់។ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនផងដែរ រួមមានកុំព្យូទ័រ និងទូរសព្ទដៃ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង។

ក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីល្ងាចថ្ងៃទី២៥ កុម្ភៈ
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរំលឹកពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតឱ្យអស់នូវបទល្មើស ONLINE SCAMS ព្រោះប្រទេសកម្ពុជាទទួលយកតែសេដ្ឋកិច្ចព័ណស មិនមែនប្រផេះ ឬខ្មៅឡើយ។

យោងតាមឯកឧត្ដម ឃួង ស្រេង ក្រសួងមហាផ្ទៃបានណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ប្រយុទ្ធប្រឆាំង និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ត្រឹមពាក់កណ្តាលខែមីនាឆ្នាំ២០២៦នេះ។ ដើម្បីសម្រេចតាមគោលដៅកំណត់ ឯកឧត្តមអភិបាល បានស្នើឱ្យកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ បង្កើនការស្រាវជ្រាវ និងតាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ។

ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ផងដែរថា រាជធានីភ្នំពេញបានបង្កើតក្រុមការងារបោសសម្អាត និងប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញចំនួន៦ក្រុម ដែលត្រូវចុះអនុវត្តការងារព្រមៗគ្នាតែម្តងនៅតំបន់ណាដែលអាជ្ញាធរត្រូវអនុវត្ត។ ក្រោយសម្អាតតំបន់នោះអស់ហើយ ទើបសមត្ថកិច្ចបន្តទៅតំបន់មួយទៀត។ ឯកឧត្តមចង់បោសសម្អាតបទល្មើសទាំងនេះឲ្យអស់មុនផែនការ គឺនៅត្រឹមដំណាច់ខែកុម្ភៈនេះ។

ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យខណ្ឌទាំង១៤ ត្រូវម្ចាស់ការបង្រ្កាបបទល្មើសផ្សេងទៀតផងដែរ ដូចជាល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញៀន ពោលគឺត្រូវអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពឱ្យបានល្អ។

ឯកឧត្ដមបញ្ជាក់ថា ក្រោយការបោសសម្អាតបទល្មើសអនឡាញអស់ពីរាជធានីភ្នំពេញហើយ រាល់ការផ្ទេរ លក់ ជួលទីតាំង ខុនដូរ និងអាផាតមិនផ្សេងៗ នៅក្នុងភូមិសាស្រ្តរាជធានី ដាច់ខាតត្រូវតែមានលិខិតស្នាមពីអាជ្ញាធរមូលដ្ឋាន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner