ដើមឆ្នាំ Toyota លក់ឡានទូទាំងពិភពលោកដាច់អស់ ៨២ ម៉ឺនគ្រឿង ភាគច្រើនឡាន Hybrid

តូក្យូ ៖ ការលក់រថយន្តទូទាំងពិភពលោករបស់ក្រុមហ៊ុន Toyota Motor Corp កើនឡើងចំនួន ៤.៧ភាគរយ ដល់ទៅ ៨២២.៥៧៧ គ្រឿង ក្នុងខែមករាដើមឆ្នាំ ។ តួលេខនេះ បានបំបែកកំណត់ត្រាប្រចាំខែ ក្នុងនោះរថយន្តផ្ទុះការគាំទ្រខ្លាំងនៅអាមេរិកខាងជើង គឺជាប្រភេទឡាន Hybrid ដែលប្រើប្រាស់សាំង និងអាគុយ ។

បើតាម Japan Today ចេញផ្សាយថ្ងៃព្រហស្បតិ៍, ការលក់រថយន្តកូនកាត់របស់ Toyota ទូទាំងពិភពលោក ក្នុងខែមករា បានកើនឡើងចំនួន ៦ភាគរយ ដល់ទៅ ៣៦៥.៤៩៩គ្រឿង ។ រីឯការលក់រថយន្តអគ្គិសនី បានកើនឡើងចំនួន ៨,៣ភាគរយ ដល់ទៅ ៤១៤,៣៨៦គ្រឿង ។

ទោះបីជាការលក់កើនឡើងក៏ដោយ ផលិតកម្មរថយន្តទូទាំងពិភពលោករបស់ក្រុមហ៊ុន Toyota បែរជាធ្លាក់ចុះ ៦ភាគរយ មានត្រឹមតែ ៧៣៥,០៩៧គ្រឿងប៉ុណ្ណោះ តួលេខនេះថយចុះខ្លាំងក្នុងពេល ៣ខែជាប់ៗគ្នា បើធៀបនឹងឆ្នាំមុន ខណៈក្រុមហ៊ុនផលិតឡានខ្នាតយក្សរបស់ជប៉ុនមួយនេះ ត្រៀមបញ្ចេញរថយន្តម៉ូដែលថ្មីៗវាយលុកទីផ្សារ ។

ដោយបង្កើតឡើងក្នុងឆ្នាំ ១៩៣៧ Toyota ដែលក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ពិភពលោក បើគិតពីបរិមាណ បច្ចុប្បន្នបានពង្រីកវត្តមានក្រុមហ៊ុនផលិតរបស់ខ្លួនជាង ៧០កន្លែងទូទាំងពិភពលោក និងបានចែកចាយលក់រថយន្តនៅក្នុងតំបន់ និងប្រទេសច្រើនជាង១៧០ ជាមួយនឹងសមត្ថភាពផលិតរថយន្តប្រហែល ១០លានគ្រឿងរៀងរាល់ឆ្នាំ ៕

ប្រភព ៖ Japan Today ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner