មន្រ្តីជំនាញក្រសួងបរិស្ថាន បាននិងកំពុងត្រួតពិនិត្យគុណភាពបរិស្ថាន របស់រោងចក្រ CAMBO UNISOLL LTD. នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោយពេលមានសេចក្តីរាយការណ៍ ថាមានកម្មករដួលសន្លប់និងស្លាប់ចំនួន១នាក់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ
(ភ្ណំពេញ)៖ ក្រសួងបរិស្ថានបានចាត់ឱ្យមន្រ្តីជំនាញ ធ្វើការចុះត្រួតពិនិត្យគុណភាពបរិស្ថាននៅជុំវិញនិងក្នុងបរិវេណរោងចក្រ CAMBO UNISOLL LTD. ដែលមានមូលដ្ឋាននៅស្ថិតនៅភូមិព្រៃចាស់ ឃុំវិហាសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ការចុះប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមាន សេចក្តីរាយការណ៍ពីអាជ្ញាធរ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថាមានករណីកម្មករចំនួន១១នាក់ បានដួលសន្លប់ និង ស្លាប់ចំនួន១នាក់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
សូមបញ្ជាក់ថា ក្រោយពីមានសេចក្តីរាយការណ៍ពីអាជ្ញាធរលើករណីខាងលើ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានណែនាំដល់ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ធ្វើការអន្តរាគមន៍ទប់ស្កាត់ការបំពុលបរិស្ថាន ដែលអាចកើតមានឡើងនៅតំបន់រោងចក្រ។ ក្រុមការងារជំនាញក្រសួងបរិស្ថាន បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានធ្វើការចុះត្រួតពិនិត្យ គុណភាពខ្យល់ ដោយដាក់ឧបករណ៍វិភាគគុណភាពខ្យល់ នៅក្នុងទីតាំងរោងចក្រផ្ទាល់។ ពេលនេះក្រុមការងារបាននិងកំពុងប្រមូលព័ត៌មានពាក់ព័ន្ធ នៅក្នុងទីតាំងរោងចក្រ ដើម្បីធ្វើវាយតម្លៃរកមូលហេតុប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់កម្មករ។
អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។ ក្រសួងបរិស្ថាននឹងជម្រាបជូនព័ត៌មានលម្អិតបន្ថែមទៀត នៅពេលមានការវាយតម្លៃ ឬការរកឃើញករណី បំពុលបរិស្ថានណាមួយកើតឡើងជាយថាហេតុ នៅក្នុងរោងចក្រខាងលើ និងវិធានការច្បាប់ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ៕
ដោយ៖ង៉ាន់ ទិត្យ



