ខែកុម្ភៈកន្លងទៅនេះ អង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចបញ្ជូនសំណុំរឿងចំនួនបីទៅតុលាការ
ភ្នំពេញ៖ក្នុងខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅថ្មីៗ អង្គភាពប្រឆាំងអំពើពុករលួយឬអ.ប.ព.(ACU)បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះសរុបចំនួន ៤៦ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន ៣ករណីទៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តកំពង់ឆ្នាំង។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ(ក.ជ.ប.ព.)លើកទី៧ អាណត្តិទី៤ នាចុងសប្ដាហ៍កន្លងទៅនយោងតាមរបាយការណ៍របស់ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អ.ប.ព. បានឱ្យដឹងថា ក្នុងខែកុម្ភៈ អ.ប.ព.បានពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងបានសរុបចំនួន ៤៦ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន ៣ករណីទៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តកំពង់ឆ្នាំង។

ក្នុងនោះនៅសាលាដំបូងរាជធានីភ្នំពេញមានជនជាប់សង្ស័យចំនួន ៤រូបក្នុង សំណុំរឿងពាក់ព័ន្ធ ករណីឆបោកបន្លំយកឈ្មោះជាមន្រ្តី អ.ប.ព. ប្រព្រឹត្តដោយឈ្មោះ កែវ សុផល ភេទប្រុស អាយុ ៦១ឆ្នាំ ដែលត្រូវជាប់សង្ស័យពីបទឆបោកមានស្ថានទម្ងន់ទោស។នៅរាជធានីភ្នំពេញដដែលក៏មានសំណុំរឿងពាក់ព័ន្ធករណីប្រឡងជំនួសចូលរៀនសាលាពេទ្យប្រព្រឹត្តដោយទី១៖ ឈ្មោះ រស់ វត្ថា ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរមន្រ្តីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដែលត្រូវជាប់សង្ស័យពីបទរំលោភអំណាចមានប្រសិទ្ធិភាព និងក្លែងបន្លំឯកសារសាធារណៈ, ទី២៖ ឈ្មោះ គូ ស្រីល័ក្ខ ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរនិសិ្សតឆ្នាំទី៣ ដែលត្រូវជាប់សង្ស័យពីបទក្លែងបន្លំឯកសារសាធារណៈ សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ និងសមគំនិតក្នុងបទរំលោភអំណាចមានប្រសិទ្ធិភាព និងទី៣៖ ឈ្មោះ ឈួន សុផល់ ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរគ្រូបង្រៀន ដែលត្រូវជាប់សង្ស័យពីបទ រំលោភអំណាចមានប្រសិទ្ធិភាព និងសមគំនិតក្នុងការក្លែងបន្លំឯកសារសាធារណៈ។

សម្រាប់សាលាដំបូងខេត្តកំពង់ឆ្នាំង មានជនសង្ស័យ ២នាក់នៅក្នុងសំណុំរឿងពាក់ព័ន្ធករណីទន្ទ្រាន ហ៊ុមព័ទ្ធ កាប់ឆ្ការ រុករាន ឈូសឆាយ ព្រៃលិចទឹក ក្នុងភូមិសាស្រ្តស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រព្រឹត្តិដោយ ១-យ៉ន ចិន្តា ភេទប្រុស អាយុ ៤៤ឆ្នាំ ដែលជាប់សង្ស័យពីបទ បំផ្លាញ និងគៃបំបាត់, ២-ហូយ ហ៊ឹម ភេទប្រុស អាយុ ៤៦ឆ្នាំ ដែលជាប់សង្ស័យពីបទសមគំនិតក្នុងអំពើបំផ្លាញ និងគៃបំបាត់។ ៣-ករណីបណ្តឹងបរិហារដោយមួលបង្កាច់អំពីអំពើពុករលួយ និងករណីផ្សេងទៀត។

គួរបញ្ជាក់ថា នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានបើកកិច្ចប្រជុំលើកទី៧ អាណត្តិទី៤ ក្រោមអធិបតីភាពរបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី៦ អាណត្តិទី៤, របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ៕
អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ






