លោក ពូទីន ថា ការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ គឺជា «ការរំលោភធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ »

មូស្គូ ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីនៃប្រទេសរុស្ស៊ី នៅថ្ងៃទី១ ខែមីនា បានរិះគន់ធ្ងន់ៗ ចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេនី ដោយថ្វីដៃរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល ថា គឺជា «ការជាន់ឈ្លីធ្ងន់ធ្ងរលើសីលធម៌ និងច្បាប់អន្តរជាតិ» ។

ការអត្ថាធិប្បាយរបស់លោក ពូទីន ធ្វើឡើងតាមរយៈសារលិខិតមួយ ដែលវិមានក្រឹមឡាំងបានផ្ញើទៅកាន់ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូត បេហ្សេស្កៀន នៅថ្ងៃអាទិត្យ ជាមួយការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅទីបំផុត ចំពោះមរណៈភាពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក ខាងមេនី ។

ក្នុងលិខិតនោះ លោក ពូទីន ដែលមានវ័យ៧៤ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ការសម្លាប់លោក ខាមេនី គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទដ្ឋានសីលធម៌របស់មនុស្សជាតិ និងច្បាប់អន្តរជាតិ» ។

លោកថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក ខាមេនី នឹងត្រូវបានគេចងចាំថា ជារដ្ឋបុរសដ៏ឆ្នើមម្នាក់ ដែលបានចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍទំនាក់ទំនងរវាងមិត្តភាពរុស្ស៊ី និងអ៊ីរ៉ង់ ។

គួរបញ្ជាក់ថា នៅឆ្នាំ ២០២៥ រុស្ស៊ី និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងគោលបំណងពង្រឹងទំនាក់ទំនង រួមទាំងវិស័យយោធាផងដែរ ។

តួយ៉ាង អ៊ីរ៉ង់បានគាំទ្រដល់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់ខ្លួន គឺរុស្ស៊ីចូលលុកលុយទឹកដីអ៊ុយក្រែន ហើយពីមុន វិមានក្រឹមឡាំងក៏បានអំពាវនាវឱ្យមានការអត់ធ្មត់ មុនពេលអាមេរិក-អ៊ីស្រាអែលបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ផងដែរ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner