រដ្ឋមន្រ្តីការងារ ៖ ការងារក្នុងស្រុកជាជម្រើសល្អ ប្រាក់ឈ្នួលសមរម្យ និងមានសុភមង្គលគ្រួសារ
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តប្រជាពលដ្ឋខ្មែរ ពិសេសបងប្អូនពលករត្រឡប់ពីប្រទេសថៃ ឲ្យស្វែងរកការងារក្នុងស្រុក ព្រោះមានអត្ថប្រយោជន៍ច្រើន។
ឯកឧត្តមពន្យល់ថា ការងារក្នុងស្រុកមិនត្រឹមតែទទួលបានប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារកាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានសុភមង្គលគ្រួសារ និងអត្ថប្រយោជន៍គាំពារសង្គមយ៉ាងពេញលេញផងដែរ។
ថ្វីបើការងារនៅប្រទេសថៃអាចមានប្រាក់ឈ្នួលខ្ពស់ជាងបន្តិចក៏ដោយ ប៉ុន្តែបងប្អូនពលករខ្មែរត្រូវប្រឈមនឹងការរើសអើង រហូតដល់ទទួលរងអំពើហិង្សាផ្សេងៗ ព្រមទាំងមានហានិភ័យសុវត្ថិភាព ខ្វះការគាំពារសុខភាព និងរស់នៅឃ្លាតឆ្ងាយពីក្រុមគ្រួសារ។
អត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) រួមមាន ផ្នែកថែទាំសុខភាព ផ្នែកសោធននិវត្តន៍ និងផ្នែកហានិភ័យការងារ ដែលជួយសម្រាលបន្ទុកគ្រួសារបានយ៉ាងច្រើន។ ជាពិសេស នៅពេលឈានដល់វ័យចូលនិវត្តន៍ កម្មករ និយោជិត នឹងទទួលបានប្រាក់សោធនសម្រាប់ផ្គត់ផ្គង់ជីវភាពដោយខ្លួនឯង។
ការលើកឡើងទាំងនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បានដឹកនាំរោងចក្រ សហគ្រាស និងក្រុមហ៊ុនធំៗចំនួន ១០ ចូលរួមសម្ភាសជ្រើសរើសបុគ្គលិកភ្លាមៗ តាមរយៈវេទិកា «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលរៀបចំឡើងកាលពីថ្ងៃទី១ ខែមីនា នៅបរិវេណសាលាស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានអតីតពលករ និងយុវជនជាង ៨០០ នាក់ចូលរួម។
ឯកឧត្តមបានឱ្យដឹងថា វេទិកានេះ គឺជាយុទ្ធនាការសំខាន់មួយក្នុងការភ្ជាប់អ្នកស្វែងរកការងារជាមួយតំណាងនិយោជក ដើម្បីសម្ភាស និងទទួលបានការងារភ្លាមៗនៅមូលដ្ឋាន កាត់បន្ថយទាំងពេលវេលា និងការចំណាយផ្សេងៗ។ លើសពីនេះ វេទិកាក៏បានផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ផងដែរ។
បងប្អូនអាចជ្រើសរើសការងារនៅក្នុងតំបន់ នៅរាជធានីភ្នំពេញ បណ្តាខេត្តផ្សេងៗ ឬសូម្បីតែក្រៅប្រទេស ទៅតាមសមត្ថភាព និងបំណងប្រាថ្នារបស់ខ្លួន។ ជាពិសេស សម្រាប់ឆ្នាំ២០២៦នេះ អ្នកមិនទាន់ចង់ចាកចេញពីស្រុកកំណើត អាចចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលខ្លីៗ ដោយក្រសួងការងារនឹងបញ្ជូនគ្រូ និងសម្ភារៈទៅបង្រៀនដល់មូលដ្ឋានផ្ទាល់។
ជំនាញបណ្តុះបណ្តាលរួមមានដូចជា៖ ជំនាញឆុងកាហ្វេ ដុតនំ ធ្វើក្រចក ជួសជុលគ្រឿងម៉ាស៊ីន តបណ្តាញអគ្គិសនីជាដើម។ ការផ្តល់ជូនជំនាញទាំងនេះ គឺបន្ថែមទៅលើការបង្កើតសហគ្រាស រោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រផលិតឧបករណ៍បណ្តាញអគ្គិសនី ដំឡើងរថយន្ត ហើយនៅថ្ងៃអនាគតដ៏ខ្លីខាងមុខ នឹងមានការបង្កើតរោងចក្រខ្នាតយក្សមួយទៀតនៅស្រុកក្រគរនេះ៕






ដោយ៖ ង៉ាន់ ទិត្យ