លោក Trump គំរាមឈប់រកស៊ីជាមួយ អេស្ប៉ាញ ក្រោយមិនឱ្យ អាមេរិក ប្រើមូលដ្ឋានទ័ពវាយ អ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ លោក Donald Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក បានគំរាមធ្ងន់ៗថា ប្រទេសរបស់លោកនឹងកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយអេស្ប៉ាញ បន្ទាប់ពីទីក្រុងម៉ាឌ្រីដបដិសេធមិនអនុញ្ញាតឱ្យយោធាអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន សម្រាប់បេសកកម្មវាយប្រហារលើអ៊ីរ៉ង់ ។
ក្រៅពីមិនអនុញ្ញាតឱ្យប្រើមូលដ្ឋានទ័ពហើយនោះ លោកនាយករដ្ឋមន្រ្តីអេស្ប៉ាញ Pedro Sanchez ថែមទាំងបានចេញមុខថ្កោលទោស ចំពោះការអន្តរាគមន៍យោធា “មិនសមហេតុផល និងគ្រោះថ្នាក់” របស់លោកប្រធានាធិបតី Trump ប្រឆាំងនឹងអ៊ីរ៉ង់ផងដែរ ។
បើតាម BBC, សង្គ្រាមនៅអ៊ីរ៉ង់ បានបង្ហាញពីការបែកបាក់សាមគ្គី ក្នុងចំណោមសម្ព័ន្ធមិត្តអឺរ៉ុបរបស់សហរដ្ឋអាមេរិក ។ តួយ៉ាង លោក Sanchez គឺជាមេដឹកនាំអឺរ៉ុបតែម្នាក់គត់ ដែលហ៊ានចេញមុខថ្កោលទោសដោយបើកចំហរ ចំពោះការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ។
ជាងនេះទៅទៀត មេដឹកនាំអេស្ប៉ាញរូបនេះ ថែមទាំងបានរិះគន់ចំៗចំពោះ ‘ប្រតិបត្តិការ Epic Fury’ របស់សហរដ្ឋអាមេរិកថា ជា “អន្តរាគមន៍យោធាដែលមិនសមហេតុផល និងគ្រោះថ្នាក់ ដែលស្ថិតនៅក្រៅប្រព័ន្ធច្បាប់អន្តរជាតិ” ។
ឆ្លើយតបការរិះគន់របស់មេដឹកនាំអេស្ប៉ាញ លោកប្រធានាធិបតី Trump បានប្រាប់អ្នកយកព័ត៌មាន អំឡុងជំនួបជាមួយលោកអធិការបតីអាល្លឺម៉ង់ Friedrich Merz ថា អេស្ប៉ាញពិតជាអាក្រក់ណាស់… យើងនឹងកាត់ផ្ដាច់ចំណងពាណិជ្ជកម្មទាំងអស់ជាមួយអេស្ប៉ាញ… យើងមិនចង់មានអ្វីពាក់ព័ន្ធនឹងអេស្ប៉ាញឡើយ ។
លោក Trump ដែលមានវ័យ៨០ឆ្នាំរូបនេះ ក៏បានឆ្លៀតដៀមដានផងដែរថា អេស្ប៉ាញបានច្រានចោលសំណើរបស់អាមេរិក ដែលទាមទារឱ្យសមាជិក NATO បង្កើនកញ្ចប់ថវិកាយោធាឱ្យដល់ ៥ ភាគរយនៃផលិតផលក្នុងស្រុក (GDP) ផ្ទុយពីប្រទេសអឺរ៉ុបជាច្រើនទៀតដែលបានយល់ព្រម ។
គួរកត់សម្គាល់ ក្នុងឆ្នាំ ២០២៥ អាមេរិកបាននាំចេញទំនិញក្នុងតម្លៃ ២៦ ពាន់លានដុល្លារទៅកាន់អេស្ប៉ាញ ហើយការនាំចូលពីអេស្ប៉ាញវិញ មានតម្លៃប្រហែល ២១ ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យពីការិយាល័យស្ថិតិ របស់សហរដ្ឋអាមេរិក ៕
ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា
