លោក Trump ផ្តល់ពិន្ទុ ១៥ លើ ១០ ចំពោះថ្វីដៃយោធា វាយអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានផ្តល់ពិន្ទុ ១៥ លើ ១០ ចំពោះថ្វីដៃប្រតិបត្តិការយោធាអាមេរិក វាយប្រហារទៅលើប្រទេស អ៊ីរ៉ង់។ ការអត្ថាធិប្បាយរបស់លោក ត្រាំ កើតមានឡើង ចំពេលដែលសង្រ្គាម កាន់តែរីករាលដាល ចូលដល់ថ្ងៃទី៥។

ថ្លែងនៅឯពិធីជួបជុំមួយ នៅសេតវិមាន កាលពីថ្ងៃពុធ, ប្រធានាធិបតី វ័យ ៧៩ឆ្នាំរូបនេះ បានលើកឡើង បន្ថែមថា ឃ្លាំងមីស៊ីលរបស់អ៉ីរ៉ង់ ត្រូវបានបំផ្លាញយ៉ាងឆាប់រហ័ស។ លោក ថា ក្រុមមេដឹកនាំអ៉ីរ៉ង់ ត្រូវបានសម្លាប់យ៉ាងឆាប់រហ័ស ហើយសន្យាបន្តការវាយប្រហារ។

ខណៈដែល រដ្ឋបាល លោក Trump បានប្រឈមនឹងការរិះគន់, លោកក៏នៅតែទទូចដែរ ពីភាពត្រឹមត្រូវនៃ ការវាយប្រហារលើអ៉ីរ៉ង់ ដោយនិយាយថា ទីក្រុង តេហេរ៉ង់ កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅការកាន់កាប់អាវុធនុយក្លេអ៊ែរ។

សេតវិមាន បានបង្ហាញពីភាពត្រឹមត្រូវ នៃការវាយប្រហារនេះ ដោយលើកឡើងពីការគម្រាមកំហែង មីស៊ីល និង នុយក្លេអ៊ែរ ពីសំណាក់អ៊ីរ៉ង់ ។ ក្នុងពេលជាមួយគ្នានោះ ថ្នាក់ដឹកនាំអាមេរិកបានអំពាវនាវ ជាចំហ ដល់ប្រជាជនអ៊ីរ៉ង់ ឱ្យក្រោកឡើង ប្រឆាំងនឹងរដ្ឋាភិបាលរបស់ពួកគេ និង ដណ្តើមអំណាច។

ជាលទ្ធផល នៃ ការវាយប្រហារនេះ, មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Ali Khamenei និង ឥស្សរជនជាន់ខ្ពស់មួយចំនួនទៀត នៅក្នុងជួរដឹកនាំ នៃ សាធារណរដ្ឋអ៊ីស្លាម ត្រូវបានសម្លាប់ ។

កងឆ្មាំបដិវត្តន៍ឥស្លាម បានប្រកាសធ្វើប្រតិបត្តិការយោធា វាយប្រហាសងសឹក ដោយផ្តោតលើទីតាំងនានា ក្នុងប្រទេសអ៊ីស្រាអែល។ មូលដ្ឋានទ័ពអាមេរិក នៅប្រទេស បារ៉ែន ហ្ស៊កដានី កាតា គុយវ៉ែត អារ៉ាប់រួម និង អារ៉ាប៊ីសាអូឌីត ក៏រងការវាយកម្ទេចយ៉ាងចាស់ដៃ ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner