លោកជំទាវ អ៊ាត សោភា៖ កម្ពុជារក្សាបានទំនាក់ទំនងយ៉ាង​ល្អជាមួយប្រទេសមហាអំណាចធំៗ គឺអាម៉េរិក និងចិន

ភ្នំពេញ៖ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍បញ្ជាក់ថា ពាក់ព័ន្ធភូមិសាស្ត្រនយោបាយ កម្ពុជាខិតខំរក្សាបាននូវទំនាក់ទំនងយ៉ាងល្អជាមួយប្រទេសមហាអំណាចធំៗទាំងពីរ គឺសហរដ្ឋអាម៉េរិក និងចិន ហើយកម្ពុជាបានបង្កើនទំនាក់ទំនងជាមួយប្រទេសជាមិត្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ការបញ្ជាក់នេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

លោកជំទាវ អ៊ាត សោភា បានបញ្ជាក់ទៀតថា មកដល់បច្ចុប្បន្ននេះ កម្ពុជាមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន១៧៥ ក្នុង១៧៥ប្រទេសនេះ គឺមាន១៧០ ដែលជាសមាជិកអង្គការសហប្រជាជាតិ និងចំនួន៥ប្រទេសទៀតមិនមែនជាសមាជិកអង្គការសហប្រជាជាតិទេ។ ជាសរុបកម្ពុជាមានស្ថានតំណាងនៅក្រៅប្រទេសចំនួន៤៦ ក្នុងនោះមានស្ថានទូតចំនួន ២៩ , ស្ថានបេសកកម្មអចិន្ត្រៃយ៍ចំនួន ៤ នៅទីក្រុងហ្សឺណែវ ទីក្រុងញូវយ៉ក ប៉ារីស ស្ថានអគ្គកុងស៊ុលកម្ពុជាមានចំនួន ៨ , កុងស៊ុលកិត្តិយស ចំនួន៣០ផងដែរ។

លោកជំទាវបានបញ្ជាក់ទៀតថា ក្រសួងការបរទេសបង្កើនទំនាក់ទំនងជាមួយប្រទេសជាមិត្ត ដោយទំនាក់ទំនងកម្ពុជាជាមួយប្រទេសជាមិត្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិកម្ពុជាតែងតែផ្តល់តម្លៃខ្ពស់ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរជាមួយនឹងប្រព័ន្ធអង្គការសហប្រជាជាតិ៕
ដោយ៖ពលជ័យ

ads banner