កម្ពុជានឹងមានរោងចក្រស្តុក និងចម្រាញ់ប្រេងក្នុងស្រុក នៅឆ្នាំ ២០២៩
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានប្រកាសឱ្យដឹងថា កម្ពុជា កំពុងជំរុញផែនការបង្កើតរោងចក្រចម្រាញ់ប្រេងឱ្យលេចចេញជារូបរាងក្នុងរយៈពេល ៣ឆ្នាំខាងមុខ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងកាលពីថ្ងៃពុធក្នុងពិធីបើក “កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦” ក្នុងទីក្រុងភ្នំពេញថា រដ្ឋាភិបាលកំពុងចរចាជាមួយដៃគូវិនិយោគ ដើម្បីជម្នះបញ្ហាប្រឈមនៃទំហំទីផ្សារ ហើយបញ្ហាទំហំទីផ្សារតូច គឺជាកត្តាចម្បងដែលនាំឱ្យមានការយឺតយ៉ាវក្នុងការទាក់ទាញទុនវិនិយោគពីបរទេស។ ប៉ុន្តែបច្ចុប្បន្ន កម្ពុជាកំពុងស្វែងរកដំណោះស្រាយ ដើម្បីធានាឱ្យមានការស្តុក និងចម្រាញ់ប្រេងដោយផ្ទាល់នៅក្នុងស្រុក។

បើតាមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បច្ចុប្បន្ននេះ កម្ពុជា នៅពឹងផ្អែកទាំងស្រុង លើការនាំចូលថាមពលពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក តាមរយៈក្រុមហ៊ុន Chevron របស់អាម៉េរិក ផ្គត់ផ្គង់ឱ្យស្ថានីយកាល់តិច, ក្រុមហ៊ុនតូតាល់របស់បារាំង និងក្រុមហ៊ុនដៃគូផ្សេងៗទៀត។

អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត ញិល រដ្ឋា លើកឡើងថា ការបង្កើតរោងចក្រចម្រាញ់ប្រេងក្នុងស្រុក អាចជួយឱ្យតម្លៃប្រេងនៅកម្ពុជាធ្លាក់ចុះចន្លោះពី ៥% ទៅ ១៥%។
អ្នកជំនាញដដែលយល់ឃើញថា ទោះបីតម្លៃប្រេងឆៅត្រូវពឹងផ្អែកលើទីផ្សារសកល ប៉ុន្តែការមានរោងចក្រផ្ទាល់ខ្លួននឹងផ្តល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រចំនួន ៣ គឺការកាត់បន្ថយថ្លៃដឹកជញ្ជូន និងសេវាធានារ៉ាប់រង, កាត់បន្ថយពន្ធនាំចូល និងការបង្កើនការប្រកួតប្រជែង។

ចំណែកលោកបណ្ឌិត ជ័យ តិច អ្នកជំនាញស្រាវជ្រាវអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកឡើងថា កម្ពុជា ដល់ពេលដែលត្រូវគាស់កាយធនធានរ៉ែប្រេង ដើម្បីអភិវឌ្ឍប្រទេស ស្តារសេដ្ឋកិច្ច ពង្រឹងវិស័យយោធា វិស័យអប់រំ និងជីវភាពប្រជាជនកម្ពុជា។
លោក បន្ថែមថា ការចម្រាញ់ថាមពលក្នុងស្រុក នឹងជួយឲ្យមានលំនឹងទីផ្សារក្នុងប្រទេស។
លោកបណ្ឌិតបញ្ជាក់ថា កម្ពុជាអាចរក្សាបាននិរន្តរភាពនៃការផ្គត់ផ្គង់ទីផ្សារ ក៏ដូចជាមានភាពធន់ទប់ទល់ផលប៉ះពាល់ពីសង្គ្រាមខាងក្រៅដែលធ្វើឱ្យការផ្តត់ផ្គង់ប្រេងមានការខ្វះខាតតម្លៃឡើងថ្លៃខ្លាំងជាដើម។
បើតាម លោកបណ្ឌិត ជ័យ តិច ការនាំចូលថាមពលរបស់កម្ពុជា កាលពីឆ្នាំ ២០២៥ មានទំហំប្រមាណ ២,៤៣ ពាន់លានដុល្លារ ហើយប្រសិនបើកម្ពុជាអាចបង្កើតរោងចក្រចម្រាញ់ប្រេងដោយខ្លួនឯង។ ដូច្នេះសាច់ប្រាក់ទាំងនេះនឹងហូរចូលសេដ្ឋកិច្ចជាតិដោយផ្ទាល់។
ក្រសួងរ៉ែ និងថាមពល បានសម្រេចផ្តល់អាជ្ញាបណ្ណឱ្យដល់ក្រុមហ៊ុន EnerCam Resources Corp ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Angkor Resources របស់ប្រទេសកាណាដា ធ្វើការសិក្សាស្រាវជ្រាវរុករកប្រេង និងឧស្ម័ននៅប្លុក៨ ដែលជាប្លុកនៅលើដែនគោក ស្ថិតក្នុងខេត្តចំនួន៥របស់កម្ពុជា រួមមាន ខេត្តកំពង់ស្ពឺ កោះកុង ព្រះសីហនុ កំពត និងខេត្តកែប ដែលមានផ្ទៃក្រឡាប្រហែល ៥ពាន់គីឡូម៉ែត្រការ៉េ។
ក្រុមហ៊ុន Angkor Resources បានរាយការណ៍តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ ២០២៦ ពីការកំណត់រកឃើញគោលដៅចោះស្វែងរកប្រេង និងឧស្ម័នចំនួន ៤ កន្លែង នៅតំបន់ភ្នំបូកគោ និងគិរីរម្យ។
ក្រុមមហ៊ុនដដែលឱ្យដឹងថា ខ្លួនកំពុងត្រៀមលក្ខណៈសម្រាប់ចោះសាកល្បងបូមប្រេងទីតាំងដែលបានរកឃើញទាំងនេះ៕
ដោយ៖ទួន សុផល
