លោក គីម ជុងអ៊ុន គ្រោងបំពាក់អាវុធនុយក្លេអ៊ែរដល់កងទ័ពជើងទឹក

ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រកាសកាលពីថ្ងៃពុធថា ទីក្រុងព្យុងយ៉ាងកំពុងស្ថិតក្នុងដំណើរការបំពាក់អាវុធនុយក្លេអ៊ែរឲ្យកងទ័ពជើងទឹក ចំពេលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពវឹកវរ ។

ការអះអាងនេះធ្វើឡើង នៅពេលលោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលនាំផ្លូវចេញពីនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥ ពាន់តោន មុនពេលដាក់ឲ្យចូលបម្រើការក្នុងជួរកងទ័ពជើងទឹកជាផ្លូវការ ។

បើតាម Al Jazeera, លោក គីម ជុងអ៊ុន បានវាយតម្លៃការបាញ់សាកល្បងនេះថា ជាធាតុផ្សំស្នូលនៃការពង្រឹងសមត្ថភាពនាវាចម្បាំងថ្មី ។ លោកថា វាជានិមិត្តរូបថ្មីនៃការការពារដែនសមុទ្ររបស់កូរ៉េខាងជើង ។

ជាមួយគ្នានេះ លោក គីម ជុងអ៊ុន ថែមទាំងបានជំរុញឲ្យមន្រ្តីបង្កើនការផលិតនាវាចម្បាំងស្រដៀងគ្នានេះបន្ថែមទៀត ឬឲ្យកាន់តែខ្លាំងក្លាជាងនេះ ដើម្បីធ្វើឲ្យសាច់ដុំកងទ័ពជើងទឹកកូរ៉េខាងជើងកាន់តែរឹងមាំ ។

លោក គីម ជុងអ៊ុន សង្កត់ធ្ងន់ថា កូរ៉េខាងជើង នឹងកសាងកងទ័ពជើងទឹកដ៏មានឥទ្ធិពលបំផុតក្នុងលោក ខណៈដែលទីព្យុងយ៉ាងបាននឹងកំពុងពន្លឿនការបង្កើនសមត្ថភាពវាយប្រហារនុយក្លេអ៊ែរទៅក្នុងកងនាវាចម្បាំង និងនាវាមុជទឹកឲ្យឡើងដល់កំពូល ទើបអាចទប់ទល់នឹងសម្ពាធពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ។

តួយ៉ាង ចាប់តាំងពីឡើងកាន់អំណាចនៅចុងឆ្នាំ ២០១១ មក មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ បានក្តាប់ជាប់ក្នុងដៃនូវគោលនយោបាយធ្វើទំនើបកម្មកម្លាំងយោធាជាអាទិភាពស្នូល ហើយបានសង្កត់ធ្ងន់លើការពង្រឹងសេដ្ឋកិច្ច ដើម្បីដោះស្រាយបញ្ហាភាពក្រីក្ររ៉ាំរ៉ៃរបស់កូរ៉េខាងជើងផងដែរ ៕

ប្រភព ៖ Al Jazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner