ជំនិត អតីតប្រធានាធិបតីអ៊ីរ៉ង់ថា លោកនៅមានជីវិតរស់ មិនស្លាប់ដូចការចុះផ្សាយ

តេហេរ៉ង់ ៖ លោក Mahmoud Ahmadinejad អតីតប្រធានាធិបតីអ៊ីរ៉ង់ នៅមានជីវិតរស់ មិនបានស្លាប់ ដូចការចុះផ្សាយនោះទេ។ នេះបើតាមជំនួយការ ដែលជិតស្និទ្ធ នឹងរូបលោក ថ្លែងប្រាប់សារព័ត៌មាន RT កាលពីថ្ងៃព្រហស្បតិ៍។

ការចេញមកបញ្ជាក់ដូច្នេះ ធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ ដែលអះអាងថា អតីតប្រធានាធិបតី វ័យ៦៩ឆ្នាំ រូបនេះ បានស្លាប់បាត់បង់ជីវិត អំឡុងការវាយប្រហារ របស់អាមេរិក និង អ៊ីស្រាអែល នៅតំបន់ Narmak ភាគខាងកើត រដ្ឋធានីតេហេរ៉ង់ កាលពីថ្ងៃសៅរ៍។

មនុស្សជំនិត លោក Mahmoud Ahmadinejad បានច្រានចោល របាយការណ៍ទាំងនេះ ដោយបានប្រាប់សារព័ត៌មានរុស្ស៊ី RT ថា លោក អតីតប្រធានាធិបតី មិនមានគ្រោះថ្នាក់អ្វីនោះទេ ហើយថែមទាំង មានសុខភាពល្អ មាំមួនធម្មតា ទៀតផង។

បើតាម Anadolu, ទីប្រឹក្សាម្នាក់របស់លោក Mahmoud បានអះអាងថា លោកអតីតប្រធានាធិបតី ត្រូវបានគេផ្លាស់ទី ទៅកាន់កន្លែងមានសុវត្ថិភាព។

ប្រភពបានរៀបរាប់ ថា អគារដែលជាប់ពាក់ព័ន្ធជាមួយនឹងលោក Mahmoud ពិតជាត្រូវបានវាយប្រហារ ហើយ អង្គរក្សរបស់លោក ចំនួន៣នាក់ ត្រូវបានសម្លាប់ នៅក្នុងពេលនោះ ប៉ុន្តែ គេហដ្ឋានរបស់លោក មិនរងការប៉ះពាល់ទេ ព្រោះ មិនត្រូវបានគេកំណត់គោលដៅ វាយប្រហារ។ អគារដែលត្រូវបានគេទម្លាក់គ្រាប់ កម្ទេចនោះ គឺស្ថិតនៅចម្ងាយ ១០០ម៉ែត្រ ពីផ្ទះរបស់លោក Mahmoud។

បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់, គ្រួសាររបស់ លោក Mahmoud Ahmadinejad ក៏ធ្លាប់បានបដិសេធរបាយការណ៍ នៃ ការស្លាប់ អតីតប្រធានាធិបតី រូបនេះ ផងដែរ នាពេលកន្លងមក៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner