ស្ត្រីនៃស្ថាប័នព្រឹទ្ធសភាត្រូវបានផ្ដល់តម្លៃខ្ពស់ ជាមួយការរួមចំណែកអភិវឌ្ឍជាតិ
ស្ត្រីនៃស្ថាប័នព្រឹទ្ធសភា ត្រូវបានផ្ដល់តម្លៃខ្ពស់ តាមរយៈការកាន់តួនាទីជាប្រធានគណៈកម្មាការនានា ដើម្បីជាចំណែកក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសដែលអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដែលបានប្រព្រឹត្តិទៅនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។

ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់ថា សន្តិភាព និងសន្តិសុខ ជាគ្រឹះនៃសុខុមាលភាពរបស់ស្រ្តី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាសអំណោយផលដល់ការរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា និងការភ័យខ្លាច។ ឯកឧត្តមបានលើកឡើងផងដែរពីសារសំខាន់នៃការពារស្រ្តី និងក្មេងស្រីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការផ្តល់នូវកាលានុវត្តភាពពេញលេញសម្រាប់ស្រ្តី ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត និងរួមចំណែកពន្លឿន ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាលើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារ និងសង្គម។
សន្តិភាពនៅកម្ពុជាកើតមានឡើងតាមរយៈការខិតខំរួម និងយុទ្ធសាស្រ្តប្រកបដោយចក្ខុវិស័យច្បាស់លាស់នៃថ្នាក់ដឹកនាំកំពូលរបស់ជាតិ។ ការបន្តរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម គឺមិនអាចកាត់ផ្តាច់បានពីការផ្តល់ជូនស្មើៗគ្នាដល់ប្រជាជនគ្រប់រូប នូវផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច និងវិបុលភាពសង្គម។
ឯកឧត្តម ប្រធានស្តីទីព្រឹទ្ធសភា ក៏បានលើកទឹកចិត្តដល់មន្ត្រីរាជការនារីទាំងអស់ ត្រូវខិតខំកសាងសមត្ថភាព ដើម្បីចូលរួមឲ្យបានកាន់តែសកម្ម និងកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងគ្រប់យន្តការរបស់អគ្គលេខាធិការដ្ឋាន ស្របទៅនឹងការវិវឌ្ឍថ្មីរបស់ព្រឹទ្ធសភា។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់ AMS ថា ក្នុងនាមជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន សម្ដេចបានផ្ដល់តម្លៃយ៉ាងខ្ពស់ដល់ស្ត្រី ជាពិសេសគាំទ្រសមភាពយេនឌ័រ ហើយសម្តេចតែងផ្ដល់ឱកាស និងតួនាទីដល់ស្ត្រីក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ៕







អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត