សម្តេចធិបតី៖ សន្តិភាព គឺជារតនវត្ថុមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សន្តិភាព គឺជារតនវត្ថុមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា។ ឥស្សរជននិងថ្នាក់ដឹកនាំ កំពូលរបស់ជាតិ បានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីនាំយកនូវសុខសន្តិភាពពេញលេញបរិបូរណ៍ជូនជាតិ និង ប្រជាជនកម្ពុជា ក្នុងនោះការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺជាសក្ខីភាពប្រវត្តិសាស្ត្រដែលនាំមកនូវសុខសន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ ដែលធ្វើឱ្យប្រទេសកម្ពុជាសម្រេចបាននូវកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ដូចមាននាពេលបច្ចុប្បន្ន ហើយរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តមរតកដ៏ថ្លៃថ្លានេះ សម្រាប់បម្រើ ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។

នេះបើយោងតាមតាមរយៈសារលិខិតក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី  មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»

សម្តេចធិបតីសង្កត់ធ្ងន់ថា ទោះបីជាត្រូវប្រឈមនឹងការលំបាកនិងឧបសគ្គ ទាំងកត្តាខាងក្នុង និងកត្តាខាងក្រៅយ៉ាងណាក្តី កម្ពុជារក្សាបាននូវសន្តិភាពក្នុងផ្ទៃប្រទេស ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច ដែលបានផ្តល់ភាពអនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងរក្សាលំនឹងនៃជីវភាពរបស់ប្រជាជន។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជាបានបោះជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ជាមួយចក្ខុវិស័យច្បាស់លាស់ ការប្តេជ្ញាចិត្តមោះមុត ស្ថិរភាពនយោបាយ និងសន្តិសុខ ត្រូវបាន ការពារយ៉ាងរឹងមាំ លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋត្រូវបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរសេដ្ឋកិច្ច ជាតិបន្តលូតលាស់ប្រកបដោយចីរភាព ជីវភាពប្រជាជនមានស្ថិរភាព កំណែទម្រង់នានាត្រូវបានអនុវត្តដោយឆន្ទៈ មុតស្រួច និងប្រសិទ្ធភាព ប្រព័ន្ធគាំពារសង្គមកាន់តែត្រូវបានអភិវឌ្ឍប្រកបដោយគុណភាព។

សម្តេចនាយករដ្ឋមន្ត្រី បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ«ស្ត្រីគឺជាស្នូល» រាជរដ្ឋាភិបាលបានបន្តបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាព អង់អាចដល់ស្ត្រីនិងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយក អត្ថប្រយោជន៍ពីភាគលាភយេនឌ័រ ការបង្កលក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិក្នុងការសម្រេចចិត្ត លើផែនការគ្រួសារ ការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការលើកកម្ពស់ ទំនាក់ទំនងអន្តរជំនាន់។ល។ ទន្ទឹមនោះ រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់យ៉ាងមុតមាំថាស្ត្រីមិនត្រឹមតែជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភ្នាក់ងារដ៏ចាំបាច់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួម ចំណែកកសាង និងថែរក្សាសុខសន្តិភាព រាប់ចាប់តាំងពីគ្រួសារ សហគមន៍ និងសង្គមជាតិ ព្រមទាំងនៅលើឆាក អន្តរជាតិផងដែរ។ ត្រង់ចំណុចនេះ ខ្ញុំសូមគូសបញ្ជាក់ផងដែរថា កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ក្នុង ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រី ចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេស ចំនួន១០ បើគិតចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនកងកម្លាំងសរុប ១០ ៤៤៧នាក់ ក្នុងនោះស្ត្រី មានចំនួន ៩៩០នាក់។

ការណ៍នេះ ក៏ឆ្លើយតបទៅនឹងក្របខ័ណ្ឌសកលស្តីពីរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ របស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ លេខ១៣២៥ ដែលរំលេចពីតួនាទីដ៏សំខាន់របស់ស្ត្រីនិងក្មេងស្រី ក្នុងការចូលរួម កសាង ការពារសន្តិភាព និងសន្តិសុខ តាមរយៈការចូលរួមបង្ការ ទប់ស្កាត់ជម្លោះ ការកសាងសន្តិភាព ព្រមទាំង ការស្តារឡើងវិញក្រោយជម្លោះ។ ជាសក្ខីភាពកម្ពុជាបានក្លាយជាអ្នកនាំមុខនៅក្នុងតំបន់ក្នុងការលើកកម្ពស់ការអនុវត្ត របៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ ដោយកាលពីឆ្នាំ២០២២កន្លងទៅ ប្រទេសកម្ពុជា តាមរយៈក្រសួងកិច្ចការនារី បានដឹកនាំរៀបចំផែនការសកម្មភាពតំបន់អាស៊ានស្តីពីស្ត្រី សន្តិភាពនិងសន្តិសុខ ដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំ កំពូលអាស៊ាន ហើយកម្ពុជាកំពុងដើរតួនាទីជាប្រធានក្រុមប្រឹក្សាអាស៊ាន ស្តីពីស្ត្រីសន្តិភាព និងសន្តិសុខ ក្នុង ការតាមដាន និងជំរុញការអនុវត្តផែនការនេះ ផងដែរ៕

ដោយ៖ពលជ័យ

ads banner