លោក ត្រាំ ប្តេជ្ញាបញ្ចប់សង្គ្រាមអ៊ីរ៉ង់​ ក្នុងពេលដ៏ឆាប់

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃចន្ទ បានប្រកាសប្តេជ្ញាបញ្ចប់ សង្គ្រាមនៅអ៊ីរ៉ង់​ ក្នុងពេលដ៏ឆាប់ ប៉ុន្តែ នៅតែមានភាពស្រពិចស្រពិល លើពេលវេលា ខណៈដែលភ្លើងសង្គ្រាម កំពុងអង្រួនតំបន់មជ្ឈិមបូព៌ា និង ធ្វើឱ្យសេដ្ឋកិច្ចពិភពលោក រង្គោះរង្គើ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅឯក្លឹបវាយកូនហ្គោល Doral National ស្ថិតក្នុងរដ្ឋ Florida យ៉ាងដូច្នេះ នៅពេលដែលមានគេសួរនាំថា តើសង្រ្គាមអាចបញ្ចប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬ ច្រើនសប្តាហ៍ ខាងមុខ ដែរឬយ៉ាងណា។

លោក ត្រាំ បានឆ្លើយតបនឹងសំណួរថា «ខ្ញុំគិតថា នឹងចប់ឆាប់ៗនេះ…អ្វីៗដែលពួកគេមាន គឺបាត់អស់ហើយ រួមទាំង មេដឹកនាំរបស់ពួកគេ»។

ប៉ុន្តែ លោក ត្រាំ អះអាងថា សហរដ្ឋអាមេរិក នៅតែរក្សាទុកគោលដៅវាយប្រហារ សំខាន់បំផុតមួយចំនួន នៅក្នុងប្រទេសអ៊ីរ៉ង់ ប្រសិនបើចាំបាច់ រួមទាំងបណ្តាញអគ្គិសនី របស់ប្រទេសនេះ ផងដែរ។

មេដឹកនាំអាមេរិក រូបនេះ ក៏បានគំរាមវាយប្រហារទំហំដ៏ធំ មិនអាចគណនាបាន ប្រសិនបើទីក្រុងតេហេរ៉ង់ រារាំងការផ្គត់ផ្គង់ប្រេង ដែលចូលមក តាមច្រកសមុទ្រ Hormuz ខណៈដែលតម្លៃប្រេងឆៅកើនឡើង ជុំវិញសង្គ្រាមនៅមជ្ឈិមបូព៌ានេះ។

លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា «ប្រសិនបើអ៊ីរ៉ង់ ធ្វើដូច្នេះ ពួកគេនឹងទទួលរងផលប៉ះពាល់ខ្លាំង និងកាន់តែពិបាក»៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner