អាមេរិក ពិចារណាបញ្ជូនទ័ពពិសេសទៅរឹបអូសស្តុកអ៊ុយរ៉ាញ៉ូម អ៊ីរ៉ង់ ដែលជិតផលិតបានគ្រាប់បែកនុយក្លេអ៊ែរ
វ៉ាស៊ីនតោន ៖ អ្នករៀបចំផែនការយោធានៅសហរដ្ឋអាមេរិក កំពុងថ្លឹងថ្លែងលើជម្រើសដ៏មានហានិភ័យខ្ពស់មួយ នៅក្នុងការបញ្ជូនកងកម្លាំងពិសេសទៅរឹបអូសសារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់របស់អ៊ីរ៉ង់ ដែលគេសង្ស័យថា ទំនងជាជិតឈានដល់ដំណាក់កាលផលិតគ្រាប់បែកនុយក្លេអ៊ែរ ។ នេះបើតាម interesting engineering ចេញផ្សាយថ្ងៃទី៩ ខែមីនា ។

យោងតាមរបាយការណ៍, សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ប្រហែល ៤៤១គីឡូក្រាម ត្រូវបានរក្សាទុកនៅជិតទីក្រុង Isfahan របស់ប្រទេសអ៊ីរ៉ង់ មុនពេលផ្ទុះសង្គ្រាមបច្ចុប្បន្ន ។
ផ្អែកតាមការវាយតម្លៃរបស់មន្រ្តីអាមេរិក, ការស្ដុកអ៊ុយរ៉ាញ៉ូមកម្រិតនេះ គ្រប់គ្រាន់សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ១១គ្រាប់ ប្រសិនបើត្រូវបានចម្រាញ់បន្ថែមទៀត ។
ទន្ទឹមនេះ អ៊ីរ៉ង់ក៏បានកាន់កាប់សារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួចក្នុងកម្រិតទាបមានទម្ងន់ ៨,០០០គីឡូក្រាមផងដែរ ។
ដោយសំដៅលើស្តុកសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់, លោកប្រធានាធិបតី Donald Trump បាននិយាយថា អាមេរិកមិនទាន់អាចចូលទៅដល់ទីតាំងនោះបានទេ ហើយនៅពេលណាមួយ ប្រហែលជាយើងនឹងធ្វើវា ។ នេះបើយោងតាមប្រភពពីមន្ត្រីការទូត ដែលបានដឹងអំពីកិច្ចពិភាក្សាផ្ទៃក្នុង ។
យ៉ាងណា ក្រុមមន្ត្រីអាមេរិកបានបង្ហាញការព្រួយបារម្ភថា ស្តុកអ៊ុយរ៉ាញ៉ូមទាំងនោះ អាចត្រូវបានអ៊ីរ៉ង់ផ្លាស់ប្តូរទីតាំងទុកដាក់រួចបាត់ទៅហើយ ។ ម្យ៉ាងវិញទៀត អាមេរិកហាក់មិនសូវមានភាពប្រាកដប្រជា ចំពោះទីតាំងស្តុកអ៊ុយរាញ៉ូមរបស់អ៊ីរ៉ង់នោះទេ ។
បើតាម Bloomberg, គោលបំណងមួយក្នុងចំណោមគោលបំណងនានា ដែលអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នាវាយប្រហារអ៊ីរ៉ង់ គឺការលុបបំបាត់សមត្ថភាពផលិតអាវុធនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ។
ប៉ុន្តែការវាយប្រហារលើទីតាំងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីឆ្នាំមុន បានធ្វើឱ្យការងារតាមដានសារធាតុអ៊ុយរ៉ាញ៉ូមរបស់សាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់មួយនេះ កាន់តែមានភាពស្មុគស្មាញខ្លាំងឡើង ។
ហើយបញ្ហានេះ បានក្លាយជាប្រធានបទដ៏ក្តៅគគុកម្តងទៀត សម្រាប់អ្នករៀបចំផែនការយោធា ហើយគេក៏នៅមិនទាន់ច្បាស់នៅឡើយទេ ថាតើប្រតិបត្តិការពិសេសណាមួយ ពាក់ព័ន្ធរឿងនេះ នឹងត្រូវធ្វើឡើង ដោយកងកម្លាំងអាមេរិក ឬអ៊ីស្រាអែល ៕
ប្រភព ៖ Interesting engineering និង Bloomberg ប្រែសម្រួល ៖ ឈឹម ទីណា
